នាព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់ រាជរដ្ឋាភិបាលកម្ពុជា មកចែកជូនពលរដ្ឋ ងាយរងគ្រោះ រងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ និងពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ជាពិសេសពលរដ្ឋក្រីក្រខ្វះខាត ចំនួន ២៥០គ្រួសារ ដែលមកពីតាមបណ្ដាឃុំ ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូក្រាម សរុប ចំនួន ៧៥០០គីឡូក្រាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោក គិន ភក្ដី អភិបាលស្រុកកោះអណ្ដែត លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក និងបងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានឡើងថាដើម្បីជួយដោះស្រាយការលំបាករបស់បងប្អូនខ្វះខាត កំពុងស្ថិតក្នុងបញ្ហាប្រឈមជាមួយនឹងស្ថានភាពជួបនូវគ្រោះទឹកជំនន់ផង និងបញ្ហាជំងឺកូវីដ១៩ផង ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ កាន់តែជួបការលំបាក ហើយតាមរយៈការផ្តល់ជូនជាអង្ករ ដែលជាអំណោយជាប្រទេសសមាជិកអាស៊ានបូកបី ផ្ដល់ជូន រាជរដ្ឋាភិបាលកម្ពុជា តាមរយះក្រសួងកិសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ទុកសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះជាក់ស្ដែង។
សូមជម្រាបជូនដែរថា សម្រាប់ខេត្តតាកែវ គឺទទួលបានអង្ករសរុបចំនួន ៧៥០០០គីឡូក្រាម សម្រាប់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជាពិសេសពលរដ្ឋក្រីក្រខ្វះខាត ចំនួន ២៥០០គ្រួសារ នៅតាមបណ្ដាក្រុង ស្រុក ចំនួន ១០ ក្នុងខេត្តតាកែវ ៕

