ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការ សាងសង់ និងការបំពាក់បរិក្ខារវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យតេជោសែនកោះធំ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយប្រតិភូក្រសួងសុខាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារមន្ទីរពេទ្យ និងការបំពាក់បរិក្ខារវេជ្ជសាស្រ្ត ព្រមទាំងសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យតេជោសែនកោះធំ។

មន្ទីរពេទ្យនេះមានអគារថ្មីចំនួន០៣ខ្នង មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ ជាមួយប្រព័ន្ធបច្ចេកវិទ្យា Hospital Information System (HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ ដើម្បីបម្រើឱ្យការព្យាបាល។ មន្ទីរពេទ្យនឹងត្រៀមរៀបចំដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ដែលនឹងផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។

សូមបញ្ជាក់ថាមន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងសប្បុរសជនទាំងក្នុង និង ក្រៅស្រុក រួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបម្រើសុខុមាលភាពប្រជាពលរដ្ឋក្នុងតំបន់ ។FB_IMG_1698797463096 FB_IMG_1698797449470 FB_IMG_1698797436751 FB_IMG_1698797454251 FB_IMG_1698797497293 FB_IMG_1698797484078 FB_IMG_1698797507100

You might like