នាព្រឹកថ្ងៃពុធ ទី ០១ ខែវច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលរុះរើរបងរបស់ពលរដ្ឋ ២គ្រួសារ ឈ្មោះ សូ ប៊ុនថេន និងឈ្មោះ អ៊ុក ស្រីនូ ដែលបានសាងសង់របងលើភ្លឺភ្លោះប្រឡាយទឹករបស់រដ្ឋ នៅចំណុចភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ដោយបានឯកភាពតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋទាំង២គ្រួសារខាងលើ ដោយទុករយៈពេល ១ខែ ដើម្បីធ្វើការរុះរើរបងសំណង់រឹងមាំនេះចេញពីភ្លឺភ្លោះដែលជាប្រឡាយទឹករបស់រដ្ឋ ។
ឯកឧត្តម អ៊ូច ភា អភបាលខេត្តតាកែវ បានមានប្រសាសន៍ថា ម្ចាស់សំណង់ទាំងពីរបានឯកភាពរុះរើរបងចេញទៅតាមព្រំដីដែលបានកំណត់ និងបានឯកភាពរក្សាទុកដី ០,៥ម៉ែត្រ ពីជញ្ជាំងផ្ទះជូនឈ្មោះ សូ ប៊ុនថេន ហើយម្ចាស់សំណង់ទាំងពីរក៏បានឯកភាពគ្នាផងដែរ រយៈពេល១ខែ នឹងរុះរើសំណង់របងនេះចេញ ដោយឈរលើគោលនយោបាយឈ្នះៗទាំងអស់គ្នា ។
បន្ថែមពីនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំសាងសង់សំណង់រឹងមាំណាមួយ ប៉ះពាល់លើដីចំណីផ្លូវ ឬប្រឡាយទឹក ដែលសម្បត្តិរបស់រដ្ឋ ប្រសិនរដ្ឋត្រូវការអភិវឌ្ឍន៍ គឺប្រាកដជាមានផលប៉ះពាល់ដល់បងប្អូន ជំនាន់ក្រោយៗ ជាក់ជាមិនខាន ដូច្នោះមុនបងប្អូន ប្រជាពលរដ្ឋសាងសង់សំណង់អ្វីមួយ ត្រូវមកសុំច្បាប់អាជ្ញាធរ និងមន្ទីរជំនាញជាមុនសិន មុននឹងសាងសង់សំណង់នានា ដើម្បីធាបាននូវសុវត្ថិភាព សោភ័ណភាព ស្របតាមបច្ចេកទេសសំណង់ និងមានភាពស្របច្បាប់ដែលបានចែងផងដែរ៕

