(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម បានស្នើដល់សមាជិកថ្មី នៃក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក 553នាក់ រក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស ដែលទើបប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកថ្មី ត្រូវរក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស ដើម្បីគណបក្សមានលទ្ធភាពក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានយូរអង្វែង។ ការថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ បញ្ចូលសមាជិកថ្មី នៃក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក 553នាក់ នាព្រឹកថ្ងៃទី10 ខែឧសភា ឆ្នាំ2026។
បន្ទាប់ពីធ្វើពិធីបញ្ចូលសមាជិកគណបក្សតាមលក្ខន្តិក:ដែលបានកំណត់រួច ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងឱកាសស្វាគមន៍សមាជិកថ្មីនោះ ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់ប្រធានគណបក្សនៅមូលដ្ឋានក៏ដូចជាក្រុមការងារស្នូល ក្នុងក្រុងកំពង់ចាម ត្រូវយកចិត្តទុកដាក់ខ្ពស់លើការចិញ្ចឹម ចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្ស រាល់ពេលពួកគាត់មាន តម្រូវការ និងសំណូមពរ ឬជួបបញ្ហាផ្សេងៗ ពិសេសគឺត្រូវផ្សារភ្ជាប់ ទៅនឹងការផ្តល់ និងទទួល សេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្រៅពីនោះត្រូវបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្ស ទាំងអស់គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាង កម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក។
ក្នុងឱកាសនោះដែរ តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិ ឪ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
