ខេត្តត្បូងឃ្មុំ៖ នារសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំពិភាក្សាលើផែនការត្រៀមរៀបចំពិធីប្រារព្ធខួបលើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦)។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ទិវាចងចាំ ២០ មិថុនា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ជាតិមាតុភូមិ និងការអភិវឌ្ឍន៍ដើម្បីរំលឹកដល់ការលះបង់ គ្រប់យ៉ាងនិងដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងយុទ្ធជនសហការី ក្នុងការស្វែងរកសន្តិភាព និងសង្គ្រោះជាតិមាតុភូមិឱ្យរួចផុតពីរបបខ្មៅងងឹត។
