នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូជាន់ខ្ពស់នៃក្រុមហ៊ុន RMA Cambodia ដឹកនាំដោយ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីរាយការណ៍អំពីវឌ្ឍនភាពអាជីវកម្ម ក៏ដូចជាផ្លាស់ប្តូរមតិយោបល់លើកាលានុវត្តភាព និងការពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យឧស្សាហកម្មផលិតមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក នៅព្រះរាជាណាចក្រកម្ពុជា។
តាមរយៈជំនួបនេះ លោកអគ្គនាយក ក៏បានធ្វើការណែនាំក្រុមហ៊ុនជាដៃគូ ដែលមានជំនាញឯកទេសក្នុងវិស័យឧស្សាហកម្មផលិតមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ឈានមុខមួយក្នុងតំបន់អឺរ៉ុប ដែលកំពុងសម្លឹងឃើញពីសក្តានុពលដ៏រឹងមាំ និងមានបំណងសិក្សាស្វែងយល់បន្ថែមអំពីលទ្ធភាពក្នុងការវិនិយោគលើវិស័យយុទ្ធសាស្ត្រមួយនេះនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការជឿទុកចិត្តរបស់ក្រុមហ៊ុន RMA Cambodia ក៏ដូចជាក្រុមហ៊ុនជាដៃគូពីតំបន់អឺរ៉ុប មកលើអំណោយផលនៃបរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈគម្រោងក្នុងការសិក្សាដើម្បីពង្រីកវិសាលភាពវិនិយោគរបស់ខ្លួន។
ដើម្បីជាការគាំទ្រដល់គោលបំណងរបស់ក្រុមហ៊ុនក្នុងការសិក្សាស្វែងយល់អំពីលទ្ធភាព និងឱកាសវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះជម្រាបជូននូវព័ត៌មានសំខាន់ៗ ដែលអាចប្រើប្រាស់ជាសូចនាករក្នុងការវិភាគ និងសម្រេចចិត្តវិនិយោគ រួមមានជាអាទិ៍៖ (១)បច្ចុប្បន្នភាពនៃខ្សែផ្លូវ និងសមត្ថភាពការដឹកជញ្ជូនតាមផ្លូវទឹក, (២)សមត្ថភាពការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផែនការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅជាបន្តបន្ទាប់, (៣)ការសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលកំពុងមានវឌ្ឍនភាព, និង (៤)ច្បាប់ស្តីពីវិនិយោគនៅកម្ពុជា ដែលមានអំណោយផលខ្ពស់ចំពោះការវិនិយោគពីវិស័យឯកជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការត្រៀមលក្ខណៈរួចជាស្រេចរបស់ ក.អ.ក. ក្នុងការផ្តល់កិច្ចសម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាងដល់ក្រុមហ៊ុន RMA Cambodia និងដៃគូក្នុងគ្រប់ដំណាក់កាលនៃការសិក្សាសមិទ្ធិលទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះអាចលេចចេញជារូបរាងឡើងនាពេលអនាគត។ ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដោយភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មធុនធ្ងន់ និងការតភ្ជាប់ប្រព័ន្ធភស្តុភារកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ និងសកលលោក៕
