( តាកែវ )៖នាព្រឹកថ្ងៃពុធ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាស តែងតាំង លោក ហ៊ត មនោ ជាអភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ ជំនួស លោក កេត ម៉ៅ ត្រូវបានផ្ទេរភារកិច្ចទៅ បំរើការងាររដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ លោកមេឃុំ និងមន្រ្តីរាជការ លោកនាយកសាលាលោកគ្រូអ្នកគ្រូជាច្រើនរូបផងដែរ.។
ថ្លែងនៅក្នុងឱកាសនោះ លោក វ៉ី សំណាង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកត្រាំកក់ ដែលកន្លងមកបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ ក្នុងស្រុកឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
លោក វ៉ី សំណាង បានលើកឡើងបន្តថា សមិទ្ធផលជាច្រើន ដែលកើតឡើងទាំងនេះ គឺមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការចូលរួមសហការ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមពីសំណាក់ បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
ឆ្លៀតនៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់លោកអភិបាលស្រុកត្រាំកក់ថ្មី ដែលទើបតែងតាំងនាពេលនេះ ត្រូវតែខិតខំបំពេញតួនាទីភារកិច្ចទ្វេដង ដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្ត និងយកចិត្តទុកដាក់ ដើម្បីបំពេញការងារ ជូនប្រជាពលរដ្ឋ ក្នុងស្រុករបស់ខ្លួន ឲ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត។
គួសបញ្ជាក់ផងដែរថា លោក ហ៊ត មនោ ធ្លាប់បានរំរើការងារ ជាអភិបាលរងស្រុកត្រាំកក់ ២អាណ័ត ហើយក៏បានផ្លាស់ទៅបំរើការងារជាអភិបាលរងក្រុងដូនកែវ លោកសកម្មការងារ និងដឹកនាំយុវជនចុះធ្វើកិច្ចការងារមនុស្សធម៌ និងចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាកនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរនោះ។
