ឯកឧត្តម សួស ប្រាថ្នា បានដឹកនាំប្រតិភូចុះប្រជុំពិនិត្យមើលការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកណ្តាល

ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំប្រតិភូរួមមាន៖ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល មកប្រជុំពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយរបស់ខេត្តកណ្ដាល ជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ការិយាល័យប្រជាពលរដ្ឋខេត្ត មន្ទីរពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងមន្រ្តីជំនាញជាច្រើនរូប។

ឯកឧត្តម សួស ប្រាថ្នា បានបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាព ស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែង និងប្រមូលរាល់មតិយោបល់ សំណូមពរនានា ដើម្បីរួមគ្នាដាក់ចេញនូវវិធានការគន្លឹះៗ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រជុំនាថ្ងៃនេះគឺផ្តោតសំខាន់ទៅលើ ការផ្តល់សេវាសាធារណៈនានាពាក់ព័ន្ធនិងរឿងដីធ្លី ដោយឯកឧត្តម បានស្នើដល់អង្គប្រជុំទាំងមូល សូមចូលរួមផ្ដល់ជាមតិយោបល់ និងលើកឡើងអំពីបញ្ហាប្រឈមនានាពាក់ព័ន្ធនិងវិស័យដីធ្លី ឱ្យបានផុលផុសដើម្បីរួមគ្នារកដំណោះស្រាយ សំដៅជំរុញដល់ការងារបម្រើសេវាសាធារណៈក្នុងវិស័យដីធ្លីជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ពាក់ព័ន្ធនិងការផ្ដល់សេវាសាធារណៈក្នុងវិស័យដីធ្លី ពិសេសគឺការងារផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានខិតខំយ៉ាងខ្លាំង ក្នុងការវាស់វែង ចុះបញ្ជីដី និងចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ បើគិតមកដល់ពេលនេះ ការចែកបណ្ណកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្ដាល បានបញ្ចប់ចំនួន ១០ ក្រុង-ស្រុករួចហើយ នៅសល់តែ ៣ ក្រុង-ស្រុកទៀតប៉ុណ្ណោះ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់បន្ថែមថា សម្រាប់ ៣ ក្រុង-ស្រុកនេះ រដ្ឋបាលខេត្តកណ្ដាលគ្រោងនឹងចែកកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធឱ្យអស់នៅក្នុងខែមិថុនានេះ ដើម្បីបិទបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្ដាល។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សួស ប្រាថ្នា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងសមាជិកនៃអង្គប្រជុំដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នាពេលនេះ ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ក្នុងការខិតខំប្រឹងប្រែងបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងបរិយាបន្ន នាពេលកន្លងមកទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។IMG_20260604_082357

You might like