(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញចុះសំណេះសំណាល នាំយកអំណោយជាស្បៀងអាហារនិងថវិកា សម្រាប់ផ្គត់ផ្គង់តម្រូវការ ក៏ដូចជាលើកទឹកចិត្តដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តអនុវត្តន៍ការការពារសុខសុវត្ថិភាពជូនពលរដ្ឋ ពិសេសការងារប្រយុទ្ធនឹងជំងឺកូវីដ១៩។
ក្នុងឳកាសចុះសំណេះសំណាល ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរជំនាញជុំវិញខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណបានមាន
ប្រសាសន៍កោតសរសើរចំពោះ លោក ម៉ុន មាគ៍ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីនគរបាលទូទាំងខេត្ត ចំពោះការងារអនុវត្តកន្លងមកយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃ ពិសេសការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ឯឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំ ក៍ដូចជាជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវបន្តធ្វើ និងត្រូវតែធ្វើកិច្ចការពារសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមនូវគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសអនុវត្តន៍ឲ្យខានតែបាន «៣កុំ-៣ការពារ»។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានជូនដំណឹងក៏ដូច
ជាអំពាវនាវឲ្យកងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រយ័ត្នប្រយែងសុខភាព ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ និងការបំរែបំរួលអាកាសធាតុ។
ឯកឧត្តមបណ្ឌិត ឲ្យដឹងថា បើតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ២៤ខែសីហា ឆ្នាំ២០២១នៅវេលាម៉ោងប្រមាណ១០ព្រឹកដល់ម៉ោង០២រសៀលកម្ដៅនឹងមានការឡើងលើសពីធម្មតាដែលមិនធ្លាប់មានដែលជាការគួរតែប្រុងប្រយ័ត្ន។
ក្រោយពីចប់ប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានធ្វើការប្រគល់ជូននូវស្បៀងអាហារដល់ស្នងការនគរបាលខេត្តរួមមានអង្ករ២៥០០គីឡូ
ក្រាមម៉ាស៥០០០ អាកុល៦០លីត្រទឹកសុទ្ធ១០០កេស បន្លែធម្មជាតិមួយចំនួន និងថវិកាចំនួន០៥លានរៀល៕

