ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្តល់ជូនវីរកងទ័ពជួរមុខ ១នាក់ និងមន្ត្រីកិច្ចសន្យាសាលាខេត្ត ១នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
គួរបញ្ជាក់ថា ទាំងវីរកងទ័ព និងមន្ត្រី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្ត កំពង់ចាម មានឈ្មោះ ម៉េត ដានី បម្រើការងារនៅអង្គភាពវីរៈ៤៤៦ ឈរជើងនៅទិសដៅច្រក អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានជម្ងឺគ្រុនឈាម ។ និងលោក សេន យឿន មន្ត្រី ជាប់កិច្ចសន្យាសាលាខេត្ត មានជំងឺឡើងសម្ពាធឈាម។
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសំណូមពរដល់វិរកងទ័ព និង មន្ត្រីកិច្ចសន្យាសាលាខេត្ត ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ ឱ្យបានខ្ជាប់ខ្ជួន និងជូនពរដល់វីរកងទ័ព និងមន្ត្រីទាំង២រូប សូមឱ្យឆាប់ជាសះស្បើយពីជម្ងឺ ដើម្បី បានវិលត្រឡប់ទៅ បំពេញបេសកកម្មនៅអង្គភាពរបស់ខ្លួនវិញ។
ជាមួយគ្នានោះ ឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់នូវអំណោយ របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពជួរមុខ នូវថវិកា ចំនួន២០ម៉ឺនរៀល អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ភេសជ្ជៈ ១កេស និងទឹកសុទ្ធ២កេស ដោយឡែកមន្ត្រីកិច្ចសន្យាសាលាខេត្ត ថវិកាចំនួន៥០ម៉ឺនរៀល និងសម្ភារដូចគ្នាផងដែរ៕

