(ត្បូងឃ្មុំ)៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការននគរបាលជាតិ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅបន្ត ព្រមទាំងដកបទពិសោធន៍ ផែនការការពារពិធីបុណ្យសង្រ្កាន្តចូលឆ្នាំថ្មី និងផ្សព្វផ្សាយផែនការការពារថ្នាក់ដឹកនាំជាន់ខ្ពស់។
ក្នុងកិច្ចប្រជុំនោះមានការចូលរួមពី លោក-លោកស្រី ស្នងការរង នាយការិយាល័យ និងអធិការ នៃអធិការដ្នានគរបាលក្រុង-ស្រុកទាំង៧ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និងលេខ៦១៧ និងមន្ត្រីពាក់ព័ន្ធ ។
ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ណែនាំដល់ កម្លាំងនគរបាលគ្រប់ជំនាញ អធិការដ្ឋាន និងនគរបាលការពារព្រំដែន ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របស់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងខេត្តត្បូងឃ្មុំ។
លោកឧត្តមសេនីយ៍ទោ បានណែនាំត្រូវចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្មេងទំនើង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយអគ្គិភ័យ យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជាពិសេសការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ។
ចុងក្រោយលោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើ ថ្នាក់ដឹកនាំ ប្រធានអង្គភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់សុខទុក្ខ ជីវភាព សុខភាពរបស់កងកម្លាំងក្រោមឱវាទរួមនឹងគ្រួសារ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាព។
តមក លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានប្រគល់នូវម៉ូតូប្រើប្រាស់ដោយថាមពលអគ្គិសនី ដែលជាអំណោយដ៏ថ្លៃថ្លារបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនដល់អធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង០៧ផងដែរ៕

