ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្បន៍លើវិស័យមីន តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ដោយមានការរចូលរួមពីបណ្តាស្ថាប័នមួយចំនួនប្រហែល ១៣០នាក់ តំណាងមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គទូតនានាប្រចាំកម្ពុជា ប្រតិបត្តិករសកម្មភាពមីនជាតិ និងអន្តរជាតិ ព្រមទាំងគណៈកម្មាធិការសកម្មភាពមីនរាជធានី-ខេត្ត ដែលជាតំណាងស្ថាប័នថ្នាក់ក្រោមជាតិផងដែរ។
កិច្ចប្រជុំនេះ បានផ្សព្វផ្សាយអំពីសមិទ្ធផលការងារសម្រេចបាន ក្នុងការអនុវត្តផែនការសកម្មភាព៣ឆ្នាំ២០១៨-២០២០ កន្លងមក ដោយក្នុងនោះ កម្ពុជាបានរំដោះផ្ទៃដីចំនួន ៤២១គីឡូម៉ែតក្រឡា ស្មើនឹង៦៦% នៃផែនការ៣ឆ្នាំ រកឃើញនិងកំទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន ៤៩.២៥៦គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៩៥៦គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២២១.៣៧២គ្រាប់ ហើយមានអ្នកទទួលផលចំនួនប្រមាណ ២លាននាក់។ ក្នុងអំឡុងពេល៣ឆ្នាំនេះ ប្រជាពលរដ្ឋចំនួន ២.៨៤០.៦១២ នាក់ បានទទួលសារអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះមានស្ត្រីចំនួន ៩៦៧.៣៥១នាក់ និងកុមារីចំនួន ៣៦៥.៥៦៦នាក់។ ស្របនឹងរបៀបវារៈនៃកិច្ចប្រជុំ អ្នកចូលរួមក៏បានពិភាក្សាពីតម្រូវការ និងបញ្ហាប្រឈមនានាក្នុងវិស័យសកម្មភាពមីន ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ព្រមទាំងការកៀរគរធនធានគាំទ្រការអនុវត្តផែនការសកម្មភាព៣ឆ្នាំបន្ត២០២១-២០២៣។ អ្នកចូលរួមបានវាយតម្លៃថា ផែនការ និងកិច្ចប្រឹងប្រែងទាំងនេះ ពិតជាមានសារៈសំខាន់ ក្នុងការឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ហើយជាក់ស្តែងគឺឆ្លើយតបទៅនឹងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅតែបន្តក្នុងអត្រាខ្ពស់មួយ ដោយគិតត្រឹមរយៈពេលប្រមាណ៧ខែក្នុងឆ្នាំ២០២១នេះ បានបង្កឲ្យមានជនរងគ្រោះចំនួន៣២នាក់ ដែលជាអត្រាខ្ពស់មួយ។
ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីចក្ខុវិស័យ ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ ដែលក្នុងនោះការងារបោសសម្អាតមីន សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានចាត់ទុកការងារបោសសម្អាតមីន គឹជាការចូលរួមដល់កិច្ចគាំពារដល់សន្តិភាព។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីការចូលរួមចំណែករបស់កងយោធពលខេមរភូមិន្ទជាប្រវត្តិសាស្រ្ត ចាប់ពីការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ឆ្នាំ១៩៧៩ រហូតដល់ការបោសសម្អាតមីន ដើម្បីចូលរួមការអភិវឌ្ឍ និងផ្តល់ដីសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងការរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។
ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ប្រទេសជាមិត្ត និងសហគមន៍ម្ចាស់ជំនួយ រួមមាន សហរដ្ឋអាមេរិក ជប៉ុន ចិន អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង នូវែលហ្សឺឡង់ សាធារណរដ្ខកូរ៉េ កាណាដា ស្វីស ន័រវែស បារាំង? អៀឡង់ បែលហ្សិក? អូទ្រីស? UNDP និង UNICEF ព្រមទាំងដៃគូអភិឌ្ឍន៍ដ៏ទៃទៀត ដែលតែងតែគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា ហើយបានអំពាវនាវឲ្យប្រទេសជាមិត្ត និងសហគមន៍ផ្តល់ជំនួយ បន្តចូលរួមក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥។

