នៅរសៀលថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្ត បានប្រគល់សម្ភារសម្រាប់បង្ការជំងឺកូវីដ-១៩ រួមមាន៖ ម៉ាស់ចំនួន ១២២,៥០០ម៉ាស់ ស្មើនឹង៤៩កេស, ស្រោមដៃពេទ្យចំនួន ២៥,០០០គូ ស្មើនឹង៥០កេស និងសំលៀកបំពាក់ពេទ្យចំនួន ៤៥០កំប្លេរ ជូនដល់សាលាខេត្តស្ទឹងត្រែង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រដ្ឋបាលក្រុង ស្រុក មន្ទីរសុខាភិបាលខេត្ត ដើម្បីផ្តល់ជូនដល់មន្រ្តីរាជ និងប្រជាពលរដ្ឋដែលកំពុងសម្រាលព្យាបាលជំងឺនៅតាមមណ្ឌលចត្តាឡីស័កនីមួយៗ តាមបណ្តាក្រុង ស្រុក។
គូសបញ្ជាក់ផងដែរថា៖ ម៉ាស់ ស្រោមដៃ នឹងសំលៀកបំពាក់ពេទ្យ ដែលផ្តល់ជូនក្នុងឱកាសនោះរួមមាន÷ សាលាខេត្តស្ទឹងត្រែងចំនួន ៣៧.៥០០ម៉ាស់, តំបន់ប្រតិបត្តិការសឹករងខេត្តចំនួន ៥.០០០ម៉ាស់, ស្នងការរដ្ឋាននគរបាលខេត្តចំនួន ១០,០០០ម៉ាស់, កងរាជអាវុធហត្ថខេត្តចំនួន ៥,០០០ម៉ាស់, មន្ទីរសុខាភិបាលខេត្ត ចំនួន ២០,០០០ម៉ាស់ ស្រោមដៃចំនួន ២៥.០០០គូរ នឹងខោអាវពេទ្យ ចំនួន ៤៥០កំប្លេ, សាលាក្រុងស្ទឹងត្រែងចំនួន ២០,០០០ម៉ាស់, សាលាស្រុកថាឡាបរិវ៉ាត់ចំនួន ៥,០០០ម៉ាស់, សាលាស្រុកសេសានចំនួន ៥,០០០ម៉ាស់, សាលាស្រុកសៀមប៉ាងចំនួន ៥,០០០ម៉ាស់, សាលាស្រុកសៀមបូកចំនួន ៥,០០០ម៉ាស់ . និងសាលាស្រុកបុរីអូរស្វាយសែនជ័យចំនួន ៥,០០០ ម៉ាស់ ផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានលើកឡើងថា÷ ក្រោយទទួលបានម៉ាស់ និងសម្ភារពេទ្យ ដែលប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលក្រុង ស្រុក ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ទីរ អង្គភាព ដែលបានទទួលត្រូវយកទៅប្រើប្រាស់ឲ្យចំគោលដៅ ជាពិសេសក្នុងការប្រយុទ្ធ នឹងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងមេរោគកូវីដ-១៩ ប្រភេទបំលែងថ្មី ( Delta ) ដែលកំពុងមានវត្តមានក្នុងខេត្តស្ទឹងត្រែង៕

