ឯកឧត្តមគួច ចំរើនអភិបាល ខេត្តបានអញ្ជើញសំណេះ សំណាលជាមួយក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩និងកាត់ផ្តាច់ការចម្លងក្នុងសហគមន៍.!!

នារសៀលថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ និងរំសាយទៅកាន់មណ្ឌលសុខភាពវិញ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមកោតសរសើរថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យរបស់យើងទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងខេត្តព្រះសីហនុនាពេលកន្លងមក។ ដោយឆ្លងកាត់ព្រឹត្តិការណ៍ ក្នុងក្របខណ្ឌទូទាំងខេត្ត ពិសេសក្រុមគ្រូពេទ្យរបស់យើង បានប្រមូលផ្តុំគ្នាបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្រុមគ្រូពេទ្យរបស់យើងបានបង្កើនការយកចិត្តទុកដាក់ ទាំងចំនួនក្រុមគ្រូពេទ្យ និងបណ្តុះបណ្តាលក្រុមជំនាញក្នុងការយកសំណាក ការព្យាបាលអ្នកជំងឺ និងកាត់ផ្តាច់ការចម្លងក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត បានបន្តថាក្រោយពីការរំសាយក្រុមគ្រូពេទ្យនឹងទៅបំពេញការងារតាមមណ្ឌលសុខភាពដើមវិញ ម្យ៉ាងទៀតក្រុមគ្រូពេទ្យយើងមានជំនាញបច្ចេកទេសក្នុងការយកសំណាកកូវីដ-១៩ និងការព្យាបាល ដោយសារតែសកម្មភាពជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុមានការថយចុះគួរឱ្យកត់សម្គាល់ ទើបយើងសម្រេចរំសាយក្រុមគ្រូពេទ្យទៅកាន់មណ្ឌលសុខភាពវិញ។ រដ្ឋបាលខេត្ត នឹងចងចាំគុណតម្លៃក្រុមគ្រូពេទ្យ ដែលបំពេញការងារនៅសមរភូមិមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ម្យ៉ាងទៀតក្រុមគ្រូពេទ្យបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កុមារ និងយុវវ័យរបស់យើង ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត សូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារសពអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែលបានបាត់បង់អាយុជីវិត ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះជាការបាត់បង់នូវធនធានមនុស្ស ដែលជាវីរភាពដ៏ល្អប្រពៃក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត សូមឱ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ចំនួន ៦៣នាក់ ក្នុងម្នាក់ៗ ទទួលបានថវិការចំនួន ១.២០០.០០០ រៀល៕FB_IMG_1630416134877 FB_IMG_1630416138704 FB_IMG_1630416141765 FB_IMG_1630416144787 FB_IMG_1630416147321 FB_IMG_1630416158649

You might like