នៅថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមងួន រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូរដ្ឋបាលខេត្តចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសួរសុខទុក្ខផ្ដល់អំណោយជូនដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលកំពុងបំពេញភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុករុក្ខគីរី ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូននាពេលនេះ គឺជាការផ្តល់ជូនពីសម្តេច អគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំងមកចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នាដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមឧបត្ថម្ភ ទឹកសុទ្ធ ២០កេស, ទឹកក្រូច ២០កេស,ម៉ាស់ ២០ប្រអប់, មី ២០កេស, និងអាល់កុល ៣០លីត្រ ជូនក្រុមការងារដែលកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងនៅទីនោះផងដែរ៕

