ជាក់ស្ដែងនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពក្រុងបានលុង បានសហការជាមួយក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ចុះយកសំណាកធ្វើតេស្ដរហ័សលើអាជីវករដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលទាំងអស់ នៅបរិវេណផ្សារបានលុង ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
លោកងិន ណែលអភិបាលក្រុងបានលើកឡើងថាការធ្វើតេស្ដរកសំណាកលើអាជីវករនៅព្រឹកនេះអ្នកពាក់ព័ន្ធនិងអ្នកដែលសង្ស័យមានឆ្លងបន្ដពីអ្នកដែលវិជ្ជមានកាលពីថ្ងៃទី០១ ខែកញ្ញា ដែលជាអាជីវករលក់ដូរក្នុងផ្សារបានលុង ដើម្បីកាត់ផ្ដាច់ការចម្លងឱ្យទាន់ពេលវេលា មិនអោយមានករណីមានការឆ្លងច្រើនបន្ដទៀត។
លោកអភិបាលក្រុងក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ឬប្រយោលសូមរួសរាន់មកធ្វើតេស្ដសំណាកអោយបានទាន់ពេលវេលាជៀសវាងការចម្លងទៅក្រុមគ្រួសារដោយមិនដឹងខ្លួននិងត្រូវបន្ដអនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួន រួមមានពាក់ម៉ាស់ លាងដៃអោយបានញឹកញាប់រក្សាគម្លាត និងត្រូវចូលរួមសហការទាំងអស់គ្នាដើម្បីកាត់ផ្ដាច់ការចម្លងជំងឺនេះទាំងស្រុងបាន។
តាមរបាយការណ៍បឋមរបស់មន្ទីរសុខាភិបាលខេត្តបានអោយដឹងថា ជាលទ្ធផលនៃការយកសំណាក គិតចាប់ពីម៉ោង ៨:៣០នាទីព្រឹកដល់ម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារឆ្លើយបន្ទាន់ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរីបានធ្វើតេស្ដសំណាកមនុស្សចំនួន២៤១នាក់ ក្នុងនោះស្រី១៧៧នាក់ ហេីយបានរកឃើញករណីវិជ្ជមានចំនួន ១៥នាក់ក្នុងនោះស្រី១៣នាក់និងប្រុស០២នាក់៕

