រដ្ឋបាលខេត្តរតនគិរីរៀបចំពិធីសំណេះសំណាលជា មួយមន្រ្ដីសាលាខេត្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ.!

នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ណាប់ ប៊ុន ហេងប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្តបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្រ្ដីសាលាខេត្តទាំងអស់ ដែលរៀបចំដោយរដ្ឋបាលខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅបរិវេណសាលប្រជុំសាលាខេត្ត។

ក្នុងឱកាសពេលសំណេះសំណាលនាឱកាសនេះឯកឧត្តមណាប់ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថា ទោះបីពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ យើងគ្រប់គ្នាមិនអាចទៅវត្តធ្វើបុណ្យ និងជួបជុំញាតិមិត្តជិតឆ្ងាយដូចឆ្នាំកន្លងទៅមែនវាដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ប៉ុន្តែនៅពេលឈប់សម្រាករយៈពេល៣ថ្ងៃនេះ យើងអាចធ្វើបុណ្យជាមួយអ្នកមានគុណនៅផ្ទះរបស់យើង ដែលជាព្រះរស់ឬជួបជុំគ្រួសារបែបមនុស្សតិច និងអាចដើរលេងកម្សាន្ដតាមរមណីយដ្ឋានធម្មជាតិនានា ប៉ុន្ដែត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធានការណែនាំនានារបស់រាជរដ្ឋាភិបាល និងវិធានការ៣ការពារ ៣កុំតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឆ្លៀតក្នុងឱកាសនេះផងដែរឯកឧត្តមថងសាវុនអភិបាលខេត្តរតនគិរី ក៏បានផ្ដាំផ្ញើដល់មន្រ្ដីរាជការនៃសាលាខេត្តទាំងអស់ត្រូវប្រុងប្រយ័ត្នការពារខ្លួនអោយបានខ្ជាប់ខ្ជួនពីជំងឺកូវីដ-១៩ ក្នុឱកាសឈប់សម្រាករយៈពេល៣ថ្ងៃនេះ។

ឯកឧត្តមក៏បានធ្វើការកោតសរសើរដល់មន្រ្ដីនៃសាលាខេត្តទាំងអស់ដែលបានខិតខំបំពេញការងារបានយ៉ាងល្អនាពេលកន្លងមក និងត្រូវខិតខំប្រឹងប្រែងធ្វើការងារបន្ដទៀតដើម្បីអោយសហគមន៍ និងប្រទេសជាតិរបស់យើងអោយកាន់តែអភិវឌ្ឍន៍លើគ្រប់វិស្រ័យនិងការរីកចម្រើនទៅមុខបន្ដទៀត។

សូមបញ្ជាក់ផងដែរថាក្នុងឱកាសថ្នាក់ដឹកនាំបានជួបសំណេះសំណាលនាឱកាសនេះជាមួយមន្រ្ដីសាលាខេត្តទាំងអស់ត្រូវទទួលបានការឧបត្ថម្ភថវិកាដើម្បីជាការលើកទឹកចិត្តពីឯកឧត្តមថង សាវុនអភិបាលនៃគណអភិបាលខេត្តក្នុងម្នាក់ៗទទួលបាន១០ម៉ឺនរៀលផងដែរ៕FB_IMG_1633353743868 FB_IMG_1633353728574 FB_IMG_1633353724006 FB_IMG_1633353719694 FB_IMG_1633353716625 FB_IMG_1633353733492

You might like