ថ្នាក់ដឹកនាំខេត្ត អញ្ជើញបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មី ទឹកដីខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មី និងស្រោចស្រង់បើកព្រះនេត្រនាគ នៅចំណុចរង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ) ស្ថិតនៅភូមិនគរបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បាននិមន្តព្រះសង្ឃជ័យន្តោ ទៅតាមកិច្ចតាមសាសនា ដើម្បី ឧទ្ទិសបួងសួងសុំដល់ម្ចាស់ ទឹកដី សូមពរសេចក្ដីសុខ សេចក្ដីចំរើន ដល់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ដែលធ្វើដំណើរ ឆ្លងកាត់ទឹកដីខេត្តកំពង់ចាម ផងដែរ ។

បើតាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា រូបសំណាកនាគព័ន្ធនេះ គឺជាសំណង់ប្រវត្តិសាស្ត្រ ដែលតំណាងឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ។ សមិទ្ធផលនេះ បានសាងអំពីស្ពាន់សុទ្ធ មានទម្ងន់ ៨តោន កំពស់ ១០ម៉ែត្រ (បូកទាំងជើងទម្រ ៣ម៉ែត្រ) ផង ។ រូបសំណាកថ្មីនេះ បានកសាងឡើង ទៅតាមទម្រង់ចាស់ទាំងស្រុង ដោយប្តូពីស៊ីម៉ង់ត៍ មកជាស្ពាន់សុទ្ធវិញ និងមានទំហំធំជាងមុន ដោយបានកែជើងទម្របែបថ្មី មានទំហំរហូតដល់ទៅ ១៧ម៉ែត្រ×១៧ម៉ែត្រ ឯណោះ ។

សូមជម្រាបដែរថា រូបសំណាកនាគព័ន្ធថ្មីនេះ បានសាងសង់នៅលើបណ្ដោយផ្លូវជាតិលេខ ៧ ស្ថិតនៅចំណុចទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ ក្នុងភូមិនគរបាជ័យ ស្រុកកំពង់សៀម ។ ហើយសំណង់នេះ ក៏ស្ថិតនៅជាមួយគម្រោងពង្រីក និងលើកកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ជា ៤គន្លង ប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់ចំណុចគល់ស្ពានគីស្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងអនុវត្ត ដោយក្រុមហ៊ុន CRBC ប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានដំណើរសាងសង់ នាចុងឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ទាំងស្រុង នាឆ្នាំ២០២៧ ខាងមុខនេះ ផងដែរ ៕FB_IMG_1776933978665 FB_IMG_1776933985546 FB_IMG_1776934013349 FB_IMG_1776934001986

You might like