នៅថ្ងៃចន្ទ ៥កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស រួមដំណេីរដោយ លោក តាំង សុផាត អគ្គនាយករងកិច្ចការបច្ចេកទេស ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តកំពតលោក សែម សំណាង ប្រធាននាយកដ្ឋានទឹកស្អាត និងអនាម័យ លោក ថាច់ សុវណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក និងនាយកដ្ឋានធារាសាស្រ្តកសិកម្ម សហការជាមួយលោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរជួបប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក លើសំណើដកទឹកពីប្រភពទឹកធម្មជាតិមកប្រើប្រាស់របស់ក្រុមហ៊ុន នៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ។
ក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សានោះផងដែរ ឯកឧត្តមអគ្គបច្ចេកទេស និងក្រុមការងារបច្ចេកទេស របស់ក្រសួង និងមន្ទីរ បានជម្រាបជូនខាង ភាគីក្រុមហ៊ុនឲ្យរៀបចំផែនការប្រើប្រាស់ទឹកសម្រាប់រយៈពេលចំពោះមុខ រយៈពេលមធ្យម និងរយៈពេលវែង ដោយមានបញ្ជាក់លម្អិតអំពីតម្រូវការប្រើប្រាស់ទឹកជាប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ ព្រមទាំងស្នើឲ្យភាគីក្រុមហ៊ុនបញ្ជាក់ទីតាំងដែលដកហូតទឹកយកមកប្រើប្រាស់ឲ្យបានច្បាស់លាស់ ដើម្បីក្រសួងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់គោលការណ៍ជូន។
បន្ទាប់មកក្រុមការងារបានបន្តចុះពិនិត្យមើលដល់ទីតាំងគម្រោងវិនិយោគដែលបានស្នើសុំគោលការណ៍យកទឹកប្រើប្រាស់ពីប្រភពទឹកធម្មជាតិសម្រាប់ទំហំដីវិនិយោគសរុបប្រមាណ ៦០០ហិកតា ស្ថិតក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ផងដែរ៕

