ភ្នំពេញ : នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានអញ្ជើញចូលរួមក្នុងពិធីរៀបចំវេទិកាអាសុី-អឺរុបស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ដែលជាព្រឹត្តការណ៍អមមួយនៃកិច្ចប្រជុំកំពូលអាសុី-អឺរុបលើកទី១៣ តាមប្រព័ន្ធ ZOOM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
តាមប្រសាសន៍ក្នុងពិធីបើកវេទិការអាសុី-អឺរុបស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ បានសង្កត់ធ្ងន់ថា : កម្ពុជាពិតមានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអាស៊ី-អឺរ៉ុបស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ដែលជាព្រឹត្តិការណ៍អមមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ យើងក៏មានមោទនភាពផងដែរដែលបានជាប់ចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម១២២ប្រទេស ក្នុងការចូលរួមចំណែកបញ្ជូនកងទ័ពមួកខៀវនារីទៅតាមបណ្តាប្រទេសលើពិភពលោក ខណៈដែលចំនួនស្ត្រីនៃអ្នកដោះមីន និងកម្លាំងពលកម្មកាន់តែកើនឡើង។
នេះមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាចក្ខុវិស័យគោលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់អំណាចដល់ស្ត្រី និងតួនាទីរបស់ពួកគាត់នៅក្នុងសង្គម។

