កងទ័ពមួកខៀវកម្ពុជាចូលរួមកម្ទេចគ្រាប់កែច្នៃនៅម៉ាលីនិងកងកម្លាំងរក្សាសន្តិភាពកម្ពុជាក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី ជាប្រទេសដែលមានសមុទ្រខ្សាច់សាហារ៉ា គឺកម្លាំងទ័ពកម្ពុជាបានចូលរួម កម្ទេចគ្រាប់កែច្នៃដោយបានជោគជ័យជាច្រើនកន្លែង ដែលក្រុមឧទ្ទាមបានដាក់នៅតាមផ្លូវ ដើម្បីបំផ្ទុះរថយន្តដឹកទំនិញ ឬអ្នកថ្មើជើង ក៏ដូចជារថយន្តរបស់ មន្ត្រីអង្គការសហប្រជាជាតិជាដើម។ នេះបើយោងតាមការចេញផ្សាយលើព្រឹត្តិប័ត្រព័ត៌មានរបស់អង្គការសហ
ប្រជាជាតិមានមូលដ្ឋាននៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។
ជាការគំរាមកំហែងនៃអាវុធជាតិផ្ទុះឬគ្រាប់កែច្នៃនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់ជនស៊ីវិល នៅប្រទេសម៉ាលី។
ចាប់ពីខែកក្កដាឆ្នាំ២០១៣រហូតដល់ខែសីហាឆ្នាំ២០២១មានឧប្បត្តិហេតុជាងចំនួន១៣០០ទាក់ទងនឹងការបំផ្ទុះគ្រាប់បែកបាសម្លាប់មនុស្សជាង៣៧០នាក់និងរបួសជាង៧៤០នាក់។
នៅឆ្នាំ២០២០ជនស៊ីវិលមានចំនួនប្រហែល៤៩%នៃជនរងគ្រោះដោយសារគ្រាប់កែច្នៃ ដែលភាគច្រើនជាស្ត្រីនិងកុមារទាក់ទិនទៅនឹងការងារខាងលើឯកឧត្តមនាយឧត្តមសេនីយ៍សែមសុវណ្ណនីអនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យដឹងនៅថ្ងៃនេះថារាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគឺបានបញ្ជូនកងកម្លាំងទ័ពមួកខៀវកម្ពុជា ចំនួន៨លើករួចមកហើយ ក្នុងនោះ គឺមានកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងកងវិស្វកម្មព្រលានយន្តហោះ។ កងកម្ទេចគ្រាប់មិនទាន់ផ្ទុះតែងតែចុះអនុវត្ត កម្ទេចគ្រាប់កែច្នៃ ឬការបង្កៃគ្រាប់នៅតាមដងផ្លូវ ពីក្រុមពួកឧទ្ទាមជានិច្ច និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
កាលពីខែកញ្ញាឆ្នាំ២០២១នេះសម្តេចតេជោហ៊ុន សែន បានថ្លែងថាកម្ពុជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានប្រែក្លាយពីប្រទេសធ្លាប់តែទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទៅជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំងជាបន្តបន្ទាប់ ចូលរួមបេសកកម្មថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ដែលកំពុងជួបប្រទះនឹងវិបត្តិនៃភ្លើងសង្រ្គាមរយៈពេល១៦ឆ្នាំមកនេះកម្ពុជាទទួលបានការកោតសរសើរគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ។
សម្តេចក៏បានលើកឡើងដែរថាកម្ពុជានៅតែមានជំហរដដែលក្នុងការបន្តបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមបំពេញេបេសកកម្មអង្គការសហប្រជាជាតិ។
តាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ នាខែកក្តដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណាត់ ថ្នាក់លេខ២៧ លើ១២២ប្រទេសបរិច្ចាគកងកម្លាំង លេខ១៣ក្នុងការបញ្ជូនកងកម្លាំងនារី ដោយឡែកក្នុងសហគមន៍ អាស៊ាន កម្ពុជាទទួលចំណាត់ថ្នាក់លេខ២។ រហូមដល់បច្ចុប្បន្ននេះ កម្ពុជាបញ្ជូនកម្លាំងជាង៥ពាន់៧រយនាក់ហើយ ចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ៕

