នៅថ្ងៃព្រហស្បតិ៍ ៨កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ដោយមានការចូលរួមពី លោក ឈុន ពុទ្ធារិទ្ធ អគ្គនាយករងកិច្ចការបច្ចេកទេស លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម លោក ថាច់ សុវណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រេីប្រាស់ទឹក និងលោក មុយ មុនិន្ទ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ សហការជាមួយលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរ ជួបប្រជុំពិនិត្យពិភាក្សានៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ដេីម្បីប្រមូលនូវព័ត៌មានទិន្នន័យបឋមលេីសំណេីសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេីទំនប់អាងទឹកចំនួន ៣៣កន្លែង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដេីម្បីទទួលបាននូវធាតុចូលបន្ថែមសម្រាប់ជាមូលដ្ឋាន ក៏ដូចជាទឡ្ហីករណ៍ក្នុងការធ្វេីបច្ចុប្បន្នភាពចុះបញ្ជីទាំង ៣៣ទំនប់អាងទឹកខាងលេីនេះ។ ជាមួយគ្នាផងដែរ ក្រុមការងារក្រសួង បានមានមតិកោតសរសេីរដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចំពោះផ្លែផ្កា និងកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក ក្នុងការសម្របសម្រួល និងសហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធលេីការវាស់វែង កំណត់ព្រំ និងចុះបញ្ជីដែលសម្រេចបានជោគជ័យចំនួន ១០ទំនប់អាងទឹក រួចមកហេីយ។
សម្រាប់ការបន្តស្នេីសុំវិញ្ញាបនបត្រនេះ គឺមានសារ:សំខាន់ និងជាចក្ខុវិស័យវែងឆ្ងាយ បង្កនូវលក្ខណ:ងាយស្រួលក្នុងការគ្រប់គ្រង និងអភិរក្សថែរក្សាទំនប់អាងទឹកនានាដែលជាទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋឲ្យបានស្ថិតស្ថេរ គង់វង្ស និងយូរអង្វែង សម្រាប់បម្រេីជាប្រយោជន៍ដល់សាធារណជន។
បន្ថែមពីលេីនេះទៀត ឯកឧត្តមអគ្គនាយក ក៏បានបញ្ជាក់ថា ការស្នេីសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេីទំនប់អាងទឹកចំនួន ៣៣កន្លែងនេះ ត្រូវតែគោរពតាមបទដ្ឋានគតិយុត្ត នីតិវិធី បែបបទរដ្ឋបាលនិងផ្អែកលើលក្ខណ:បច្ចេកទេសត្រឹមត្រូវ ដោយស្របតាមបរិបទសង្គម និងទិដ្ឋភាពជាក់ស្តែង ដេីម្បីឲ្យកិច្ចដំណេីរការនេះអាចប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយតម្លាភាព និងសង្គតិភាព ដេីម្បីអាចជាគំរូសម្រាប់ខេត្តដទៃផ្សេងទៀតក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ជាចុងបញ្ចប់នៃកិច្ចប្រជុំនេះ ក្រុមការងារក្រសួងបានផ្តាំផ្ញេីបន្ថែមដល់មន្ទីរធនធានទឹក និងឧតុនិយម គួរសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ ក្នុងការត្រៀមរៀបចំនូវគម្រោងផែនការគ្រប់គ្រងអភិរក្ស ០៣ឆ្នាំរំកិល ឲ្យបានច្បាស់លាស់ សម្រាប់ស្នេីនូវកញ្ចប់ថវិកាជាតិក្នុងការចុះកំណត់បោះព្រំជាផ្លូវការបន្ទាប់ពីការចុះបញ្ជីនេះ។
នារសៀលថ្ងៃដដែល ក្រុមការងារ ក៏បានបន្តពិនិត្យពិភាក្សាលេីគំនូសប្លង់ផែនទីបច្ចេកទេសនៃទំនប់អាងទឹកនីមួយៗដែលបានស្នេីចុះបញ្ជីនេះ ព្រមទាំងចុះជាក់ស្តែងដល់ទីតាំងទំនប់អាងទឹកមួយចំនួនដែលបានស្នេីសុំវិញ្ញាបនបត្រ រួមមាន៖
១.ទំនប់អាងទឹកចាន់ថ្នាល ស្ថិតក្នុងភូមិអំពិលផ្អែម ភូមិគោកសណ្តែក និងភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកឧដុង្គ
២. ទំនប់អាងទឹកពាមល្វា-អូរតោង ស្ថិតក្នុងភូមិអូរតោង ឃុំត្រពាំងជោរស្រុកឱរ៉ាល់
៣.ទំនប់អាងទឹកអន្លង់ជ្រៃ និងប្រាំបីមុមនៃគម្រោងអភិវឌ្ឍន៍ធនធានទឹកក្រាំងពន្លៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង៕

