ឯកឧត្តមទៀ សីហាអភិបាលខេត្តសៀមរាបអញ្ជើញចុះពិនិត្យទីតាំងផ្សារធំៗចំនួន៣កន្លែងនៅក្នុងក្រុងសៀមរាបនឹងធ្វើឲ្យមានដំណើរការឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារតែបានពិនិត្យឃើញថា ៣ថ្ងៃកន្លងមកក្នុងការបើកឲ្យដំណើរការសាកល្បង ទីតាំងផ្សារទាំងនោះត្រូវបានអនុវត្តល្អតាមការណែនាំរបស់ក្រុមការងារ ហើយអត្រាខ្ពស់នៃប្រជាជនដែលបានទទួលការចាក់វ៉ាក់សាំងបង្ការឆ្លងកូវីដ-១៩ គឺជាផ្នែកមួយក្នុងការជម្រុញឲ្យមានការសម្រេចចិត្ត ក្នុងការប្រើប្រាស់យន្តការបើកចរន្តសេដ្ឋកិច្ចគ្រួសារពលរដ្ឋ និងសហគមន៍ជាបណ្តើរៗឡើងវិញ ។
រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងបើកឲ្យដំណើរការផ្សារសំខាន់ៗចំនួន៣ទីតាំងនៅក្នុងក្រុងសៀមរាប បន្ទាប់ពីមានការបិទខ្ទប់ជាច្រើនលើកនិងជាច្រើនសប្តាហ៍ កន្លងមក ដោយសារតែមានផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ នឹងក្រុងសៀមរាបត្រូវបានកំណត់ដាក់ជាតំបន់ក្រហមនិងជាតំបន់លឿងទុំនោះ។ ផ្សារជាគោលដៅទាំងនោះរួមមាន ផ្សារសាមគ្គី-ហ៊ុយគាំងនៃសង្គាត់ស្លក្រាម ផ្សារលើធំថ្មីនៅក្នុងសង្កាត់សាលាកំរើក និងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់នៅក្នុងសង្កាត់គោកចក។
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបង្ហើបឲ្យដឹងកាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ខណៈពេលដែលឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យនិងវាយតម្លៃស្ថានភាពទីតាំងផ្សារទាំងនោះ ថាតើបានអនុវត្តតាមការណែនាំស្តីអំពីការធានាសុវត្ថិភាព ការពារការចម្លងជម្ងឺកូវីដ១៩ បានដល់កំរឹតណានោះ។ ការចុះត្រួតពិនិត្យនេះ គឺស្ថិតក្នុងពេលដែលទីតាំងផ្សារទាំងនេះ បាននឹងកំពុងដំណើរការសាកល្បងជាបណ្តោះអាសន្នអស់រយៈពេល៣ថ្ងៃកន្លងមកហើយផងដែរ។
ឯកឧត្តមអភិបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១១ ខែតុលាកន្លងមកនេះ ក្នុងគោលបំណងចង់ឲ្យផ្សារទាំងនេះបានដំណើរការឡើងវិញ ក្រុមការងារចម្រុះបានចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករឲ្យបានយល់និងបានដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធស្កែន QR Code។ ការដែលត្រូវបានរៀបចំរបៀបនេះ គឺជាជំនួយដល់ការគ្រប់គ្រងនិងតាមដានការរាតត្បាតនៃជំងឺកូវីដ-១៩។
ក្រុមការងារក៏បានណែនាំ ឲ្យមានការរៀបចំសណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងផ្សារឡើងវិញផងដែរ ស្របតាមវិធានការ ៣ការពារ ៣កុំ វិធានសុវត្ថិភាពនានាដែលដាក់ចេញដោយក្រសួងសុខាភិបាលនិងប្រតិបត្តិលើការរៀនរស់តាមគន្លងថ្មីនៃបរិបទកូវីដ-១៩។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការរៀបចំប្រព័ន្ធស្កែន QR Code គឺដើម្បីបង្ករភាពងាយស្រួលដល់ក្រុមការងារគ្រប់គ្រងតាមដានស្ថានភាពនៃជំងឺកូវីដ-១៩ ងាយស្រួលក្នុងការស្វែងរកនិងកំណត់តូបឬទីតាំងពាក់ព័ន្ធ ដើម្បីជៀសវាងការបិទផ្សារទាំងមូល ក្នុងករណីមានជួបប្រទះករណីឆ្លងជាយថាហេតុនោះ ដែលនេះគឺជាយន្តការថ្មីមួយទៀត ជួយសម្រួលឲ្យអាជីវកម្មផ្តល់កិច្ចសហការជាមួយក្រុមការងារ បង្កើនភាពរហ័សទាន់សភាពការណ៍ ក្នុងការស្វែងរកអ្នកដែលពាក់ព័ន្ធ។ ចំពោះអត្រាភាគរយនៃចំនួនប្រជាជនខេត្តសៀមរាបដែលទទួលបានការចាក់វ៉ាក់សាំងបង្ការ គឺជាភាពកក់ក្តៅមួយដែលជម្រុញឲ្យរដ្ឋបាលខេត្ត មានសេចក្តីក្លាហានក្នុងការប្រើប្រាស់យន្តការ បង្ហើបឲ្យមានដង្ហើមនៃចរន្តសេដ្ឋកិច្ចឡើងវិញ ដោយចាប់ផ្តើមពីជីវភាពរស់នៅប្រជាំថ្ងៃរបស់គ្រួសារប្រជាពលរដ្ឋ និងសហគមន៍។ ការរៀនរស់ជាមួយកូវីដ-១៩ គឺជាផ្លូវឆ្ពោះទៅរកគោលដៅមួយ ដែលនៅទីនោះយើងនឹងអាចនិយាយបានថា កូវីដ១៩ វាគ្រាន់តែជាវិបត្តិមេរៀនរបស់អតីតកាលតែប៉ុណ្ណោះ។
បើទោះបីនៅរសៀលថ្ងៃចុះត្រួតពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត ពុំទាន់អាចបង្ហើបឲ្យដឹងបានទេ ចំពោះកាលបរិច្ឆេតនៃការចេញសេចក្តីប្រកាស ឲ្យបើកដំណើរការផ្សារទាំងនោះជាផ្លូវការនៅឡើយនោះទេ ក៏ប៉ុន្តែគោលបំណងនៃការចុះត្រួតពិនិត្យនេះ គឺជាភ្លើងខៀវជាសញ្ញាសម្រាប់ពេលវេលាឆាប់ៗខាងមុខនេះដែរ៕

