នៅព្រឹកថ្ងៃច័ន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញបានសហការជាមួយក្រុមហ៊ុនមីហ្ស៊ូដា សានីថេសិន(ខេមបូឌា) បានរៀបចំសិក្ខាសាលា ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក នាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យសាធារណការ អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ, លោក តំណាងក្រុមហ៊ុនមីហ្ស៊ូដា(Mizuda) ដែលទទួលបន្ទុកសេវាដឹកជញ្ជូនសំរាម និងសំណល់រឹងក្នុងខណ្ឌដូនពេញ, លោក លោកស្រីចៅសង្កាត់-ចៅរងសង្កាត់ទាំង១១ និងតំណាងបងប្អូនប្រជាពលរដ្ឋផងដែរ ។
សិក្ខាសាលានេះ ធ្វើឡើងដើម្បីជាជំនួយស្មារតី និងបង្កើនការយល់ដឹង ព្រមទាំងកិច្ចសហការដោយភាពរលូន ការទទួលខុសត្រូវ និងតម្លាភាព លើការងារសេវាប្រមូល សំអាត និងដឹកជញ្ជូនសំរាម សំណល់រឹងក្នុងភូមិសាស្រ្ដខណ្ឌដូនពេញ ដែលជាបេះដូងនៃរាជធានីភ្នំពេញ ជាពិសេសចូលរួមផ្សព្វផ្សាយការយល់ដឹងអំពីដំណើរការប្រមូល ដឹកជញ្ជូន ព្រមទាំងកាតព្វកិច្ចចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ពាក់ព័ន្ធនឹងការទុកដាក់សំរាម ការបែងចែក ឬញែកសំរាម សំណល់រឹង ដែលងាយប៉ះពាល់បរិស្ថាន និងបង្កគ្រោះថ្នាក់ផ្សេងៗ ជាពិសេសបង្កប៉ះពាល់ដល់សោភ័ណភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅផងដែរ ។
ក្នុងនោះផងដែរ លោក អភិបាល ជាគណៈអធិបតី ក៏បានចូលរួមចែករំលែកបទពិសោធន៍ ក៏ដូចជាកិច្ចការងារសំខាន់ៗ និងបញ្ហាប្រឈមនានាដែលបានឆ្លងកាត់នាពេលកន្លងមក លើកិច្ចការងារប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ហើយក៏បានកោតសរសើរដល់ក្រុមហ៊ុនមីហ្ស៊ូដា សានីថេសិន(Mizuda) ដែលបានអនុវត្តការងាររបស់ខ្លួនបានល្អប្រសើរ កន្លងមក ពោលគឺមានភាពល្អប្រសើរច្រើនទាំងកិច្ចការប្រមូល និងដឹកជញ្ជូនសំរាមក្នុងមូលដ្ឋានខណ្ឌដូនពេញរបស់យើង។

