នៅរសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ខែតុលាឆ្នាំ២០២១
ឯកឧត្តមស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តបានឆ្លៀតក្នុងឱកាសដើម្បីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង។
កម្មពិធីរៀបចំឡើងសំណេះសំណាលនេះមានការអញ្ជេីញចូលរួមពីនាយក នាយករងរដ្ឋបាលសាលាខេត្តនាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការសាលាខេត្ត។
ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់មន្រ្តីរាជការគ្រប់រូបគ្រប់ផ្នែក ដែលបានខិតខំបំពេញការងារជូនរដ្ឋបាលខេត្ត ក្នុងរយៈពេលកន្លងមក។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីគ្រប់ឋានានុក្រម ត្រូវបន្តខិតខំបំពេញការងារបន្ថែមទៀត ពិសេសការអនុវត្តតួនាទីភារកិច្ចឱ្យបានល្អ ការគោរពវិន័យការងារ និងគោរពគ្នាទៅវិញទៅមក ជាពិសេសឋានានុក្រមការងារ។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីគ្រប់រូបត្រូវបង្កើនការសិក្សារៀនសូត្រនូវអ្វីដែលមានការខ្វះចន្លោះពីរៀមច្បងអ្នកជុំវិញខ្លួនក៏ដូចជាលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ច រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសេីរ។
បន្ទាប់ពីកម្មពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃរដ្ឋបាលខេត្តឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនជូនដល់មន្រ្តីរាជការសាលាខេត្តដែលបានខិតខំបំពេញការងារក្នុងរយៈពេលកន្លងមកទទួលបានម្នាក់ៗចំនួន១០មុឺនរៀល៕

