នៅរសៀលថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២២
ឯកឧត្តមបណ្ឌិតសោម ពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែបបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានចាក់បេតុងអាមេមួយខ្សែប្រវែង៧៩០ម៉ែត្រ ទទឹង១០ម៉ែត្ររៀបខឿនជញ្ជាំងភ្នំជើងទេកម្ពស់០២ម៉ែត្រ និងប្រឡាយរំដោះទឹកប្រវែង៧៩០ម៉ែត្រ។
មានការអញ្ជើញចូលរួមពីសំណាកឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្តកងកំលាំងទាំងបីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមិទ្ធផលជាច្រើនបាន និងកំពុងកើតឡើងជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីជួយសម្រួលការធ្វើដំណើរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យមានភាពល្អប្រសើរ។
នាក្នុងឪកាសពិធីបើកការដ្ឋានសាងសង់ផ្លូវនេះឯកឧត្ដមបណ្ឌិតសោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា ការបើកការដ្ឋាន សាងសង់ចាក់បេតុងអាមេផ្លូវមួយខ្សែ ប្រវែង ៧៩០ម៉ែត្រ ទទឹង ១០ម៉ែត្រ និងប្រឡាយរំដោះទឹកភ្លៀង គឺអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងកែលម្អសោភ័ណ្ឌភាព និងដាក់ភ្លើងបំភ្លឺផ្លូវដែលកន្លងមកតែងតែជួបនូវការលំបាក ការកកស្ទះ និងតូចចង្អៀត ពិបាកក្នុងការធ្វើចរាចរនៅពេលមានពិធីបុណ្យទានម្ដងៗ។
ឯកឧត្តមបានបន្ថែមទៀតថាខេត្តកែប បច្ចុប្បន្ននេះពីមួយថ្ងៃទៅមួយថ្ងៃមានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុង ប្រឹងប្រែង កសាង ជួសជុលផ្លូវជាតិ ផ្លូវលំ រៀបចំរមណីយដ្ឋានទេសចរណ៍ តំបន់ឆ្នេរ អោយកាន់តែមានភាពស្រស់ត្រកាល និងអនាម័យបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពគួរជាទីទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកសម្រាក លំហែរកំសាន្ត នៅតាមតំបន់ឆ្នេរសមុទ្រខេត្តកែប អោយកាន់តែមាន សន្ទុះច្រើនឡើងៗនាពេលអនាគត។ជាការពិតណាស់ផ្លូវចាក់បេតុងអាមេមួយខ្សែ ប្រវែង ៧៩០ម៉ែត្រ ទទឹង ១០ម៉ែត្រ និងប្រឡាយរំដោះទឹកភ្លៀង នាពេលនេះ និងជួយសម្រួលដល់ការកកស្ទះរាល់ការធ្វើដំណើររបស់បងប្អូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកសម្រាកលំហែកម្សាន្តក្នុងរដូវបុណ្យទាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប អោយកាន់តែមានភាពងាយស្រួលប្រសើរជាងមុន។
ឱកាសនោះដែរឯកឧត្ដមអភិបាលខេត្តក៏បានផ្តាំផ្ញើរដល់អាជ្ញាធរក្នុងមូលដ្ឋានក៏ដូចជាបងប្អូនប្រជាពលរដ្ឋត្រូវរួមសហការគ្នាថែរក្សា ផ្លូវនេះអោយបានល្អ ដេីម្បីប្រើប្រាស់ជាប្រយោជន៍សាធារណ:អោយបានយូរអង្វែង។ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ជូននូវសារ៉ុង០១ និងថវិកា១ម៉ឺនរៀល ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកចួលរួមបើកការដ្ឋានផងដែរ៕

