(រាជធានីភ្នំពេញ)៖ថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ អង្គការយុវជនដើម្បីមាតុភូមិ បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩ ក្រោមអធិបតីភាព លោក ហោ សេរីវឌ្ឍន៍ ប្រធានអង្គការយុវជនដើម្បីមាតុភូមិ និងមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្ដម សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទា ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ឯកឧត្ដម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្ដម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ឯកឧត្ដម តាំង សាមឿន លេខាធិការសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង ឯកឧត្ដមបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ចំនួន៣០រូប ប្រធាន អនុប្រធាន តំណាង និងសមាជិក សមាជិកា អង្គការ សម្ពន្ធ សមាគម ស្ថាប័នចំនួនជិត១០០ និងបុគ្គលផ្សេងៗ ដែលជាតួអង្គសំខាន់ៗ ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសិក្សាស្វែងយល់បន្ថែមពីសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណងធ្វើការពិភាក្សាចែករំលែកបទពិសោធន៍ដឹកនាំ និងកត្តាចម្បងផ្សេងៗ ដែលបានជួបប្រទះ សំដៅស្វែងរកជាដំណោះស្រាយ និងកិច្ចសហការរវាងគ្នា និងគ្នា ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាសមាជិកនៃស្ថាប័ន ដែលចូលរួម ក្រោយវិបត្តិកូវីដ-១៩ ត្រូវបានថមថយ៕

