នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២នេះ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២២ ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៍»ដោយបានដុតបំផ្លាញគ្រឿងញៀន ទទួលបានពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន០៣ ដែលបង្ក្រាបក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តកំពង់ចាម។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាតំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។
ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោកស្នងការនិង ស្នងការរងខេត្ត កងយោធាពលខេមរភូមិន្ទ កងរាជអាវុធហត្ថ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាង ១០០០នាក់។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្ដាំផ្ញើទៅសិស្សានុសិស្សដែលបានចូលរួមថា ជាយុវជនគំរូនិងជាជនបង្គោល ត្រូវចូលរួមដំណើរការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមរយ:ការថែទាំខ្លួនឱ្យស្អាតស្អំ មិនប៉ះពាល់ជាមួយនឹងគ្រឿងញៀន និងជួយអប់រំណែនាំមិត្តភក្តិ និងគ្រួសារចៀសឱ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ៕

