ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ
នៅក្នុងក្របខណ្ឌ អបអរសាទរទិវាជីវៈចម្រុះអន្តរជាតិ ឆ្នាំ២០២២ ក្រោមប្រធានបទ “កសាងអនាគតរួមមួយសម្រាប់ទាំងអស់គ្នា (Building a shared future for all life)ក្រសួងបរិស្ថាន និងសាលាភូមិន្ទរដ្ឋបាល បានរៀបចំពិធីដាំដើមគូលេន និងដើមសិរមាន់ ចំនួន ៨០០ដើម តាមសងខាងផ្លូវចូលទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោកជំទាវ ដោយមានការចូលរួមពី រដ្ឋបាលខេត្តសៀមរាប មន្ទីរជុំវិញខេត្ត រដ្ឋបាលស្រុកបន្ទាយស្រី និងស្វាយលើ ប្រជាសហគមន៍ យុវជន សសយក និង អង្គការជាដៃគូរពាក់ពទ្ធ័ សរុបជិត១០០០នាក់។
មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” មិនត្រឹមតែជាតំបន់ដែលមានជីវៈចម្រុះគ្រប់ប្រភេទនោះទេ ថែមទាំងជាទឹកដីពោរពេញដោយសម្បត្តិវប្បធម៌ អរិយធម៌ពីបុរាណផងដែរ។ ទន្ទឹមនឹងនេះ យើងនឹងធ្វើឱ្យឧទ្យានជាតិមួយនេះ ក្លាយជាតំបន់ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដោយធ្វើយ៉ាងណាបង្កើននូវចំណូលជូនប្រជាសហគមន៍ តាមរយៈអេកូទេសចរណ៍ ការចិញ្ចឹមសត្វ ដំណាំកសិកម្មជាដើម។ ឯកឧត្តម បានគូស បញ្ជាក់បន្ថែមថា ការកសាងសេដ្ឋកិច្ចមូលដ្ឋាន គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិ ពីព្រោះថា កាលណាជីវភាពក្នុងសហគមន៍រីកចម្រើន គាត់មានការងារធ្វើមានចំណូល នោះពួកគាត់ក៏លែងចូលព្រៃកាប់ឈើ ទន្ទ្រានដី ឬបរបាញ់សត្វទៀតដែរ។ ជាក់ស្តែងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” យើងមានបង្កើតស្ថានីយបន្សុទ្ធពូជជ្រូកកណ្តុរ សម្រាប់ចែកជូនដល់សហគមន៍ផ្សេងៗ ក្រៅពីទទួលប្រាក់ចំណូលពីអនុផលព្រៃឈើ ដូចជា សំរ៉ង ទំពាំង ផ្សិត ក្រសួងនក៏ជំរុញឱ្យពួកគាត់ចិញ្ចឹមសត្វ ដាំដំណាំបន្លែបង្ការផ្សេងៗរួមផ្សំដើម្បីបង្កើនចំណូល និងធានាបាននូវសន្តិសុខស្បៀងសម្រាប់សហគមន៍ ក៏ដូចជាតំបន់ការពារធម្មជាតិដែលពួកគាត់រស់នៅ។
ឯកឧត្តមរដ្ឋមន្ត្រីបន្ត ទៀតថាយើងមានឱកាសដើរកម្សាន្តគ្រប់ទីកន្លែងនៃប្រទេស ក៏ដូចជាឱកាសក្នុងការអភិវឌ្ឍសព្វបែបយ៉ាងដូចពេលបច្ចុប្បន្ននេះ គឺបានមកពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រកបានមកដោយកំរ ហេតុនេះក្នុងនាមយើងជាមន្ត្រីរាជការស៊ីវិល អ្នកជំនាន់ក្រោយ ត្រូវតែថែរក្សាសុខសន្តិភាពដែលយើងកំពុងមាននេះ បន្តទៅមុខទៀត ដើម្បីបន្តការអភិវឌ្ឍរីកចម្រើននៃជាតិយើង។
នៅក្នុងឱកាសនោះក៏មានបទអន្តរាគមន៍របស់ថ្នាក់ដឹកនាំ និងមន្ទីរបរិស្ថានខេត្តសៀមរាបជូនដល់ សាស្រ្តាចារ្យ និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល ដើម្បីធ្វើការសិក្សាស្វែងយល់ ទាក់ទងនឹង
១-ការគ្រប់គ្រងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិ
២-ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍
៣-វឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន
៤-ការចិញ្ចឹមសត្វនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន
៥-ការគ្រប់គ្រងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន។
គួរបញ្ជាក់ថា៖ ក្នុងនាមប្រទេសហត្ថលេខី និងជាស្ថាប័នជនបង្គោលទទួលបន្ទុកអនុវត្តអនុញ្ញាសហប្រជាជាតិស្តីពីជីវចម្រុះ កម្ពុជាបានរៀបចំ
ទិវាជីវចម្រុះអន្តរជាតិឆ្នាំ២០២២ ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងការអភិរក្សជីវៈចម្រុះឱ្យកាន់តែមានប្រសិទ្ធភាព និងជាឱកាសសម្រាប់ផ្សព្វផ្សាយដល់សាធារណជនឱ្យកាន់តែយល់ដឹងពីតម្លៃនៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី៕

