សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រមុខការទូតរុស្ស៊ីឯកឧត្តម សឺហ្គៃ ឡាវរ៉ូវ ថា កម្ពុជាផ្តល់សារៈសំខាន់ខ្លាំង ចំពោះទំនាក់ទំនងជាមួយរុស្ស៊ី..

សម្ដេចតេជោ បានគូសរំលេចថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ជាទំនាក់ទំនងប្រវត្តិសាស្រ្ត ហើយកម្ពុជាតែងតែផ្ដល់សារៈសំខាន់ខ្លាំងក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនានាជាមួយរុស្ស៉ី។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ដែលបានគាំទ្រ និងផ្តល់ជំនួយដ៏មានតម្លៃជាច្រើន ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដ៏លំបាកនាពេលកន្លងមក។

លោក អ៊ាង សុផល្លែត បានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ដូច្នេះ «យើងមិនអាចបំភ្លេចបានឡើយ នូវកាយវិការប្រកបដោយមិត្តភាព និងសមាណចិត្តក្នុងពេលយើងត្រូវការចាំបាច់ ឧទាហរណ៍ដូចជា៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានបណ្ដុះបណ្ដាលនិស្សិតជាច្រើននាក់»។

ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតនោះ សម្តេចតេជោ និងប្រមុខការទូតរុស្ស៊ី បានឯកភាពគ្នាឱ្យរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរ ដោយផ្តោតទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស។

សូមបញ្ជាក់ថា នៅក្នុងជំនួបនេះប្រមុខការទូតរុស្ស៊ី បានសម្ដែងនូវការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ប្រមុខការទូតរុស្ស៊ី ក៏បានជម្រាបសម្តេចតេជោ អំពីស្ថានការណ៍ និងជំហររបស់រុស្ស៉ី ជុំវិញករណីជម្លោះជាមួយអ៊ុយក្រែនផងដែរ៕FB_IMG_1659615878457 FB_IMG_1659615867073 FB_IMG_1659615869580 FB_IMG_1659615872998

You might like