ឯកឧត្តមចាយ បូរិនអញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដល់ភ្នាក់ងារសង្ខេតការណ៍គណបក្សយុវជនមេភូមិមេឃុំមន្រ្តីគណបក្សស្រុកនៅមូលដ្ឋានស្រុកតំបែរខេត្តត្បូងឃ្មុំ…

នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការ ច្បាប់បទបញ្ជានិងនីតិវិធីខេត្ត បានអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នៃរដ្ឋសភា ដល់មេភូមិ មេឃុំ និងមន្ត្រីគណបក្សស្រុក ក្នុងមូលដ្ឋានស្រុកតំបែរចំនួន២២៦នាក់។
ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេច លោកជំទាវ ឯកឧត្តម ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនអង្គពិធីទំាងមូល។
ឯកឧត្តមប្រធានគណៈកម្មការច្បាប់បានចែករំលែកបទពិសោធន៍ ចំណេះដឹង និងផ្សព្វផ្សាយនូវឯកសារចាំបាច់មួយចំនួនដែលពាក់ព័ន្ធនឹងការចុះឈ្មោះ ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជូនដល់សមាជិកសមាជិកាចូលរួមទាំងអស់បានយល់ដឹងអំពីច្បាប់និងបទបញ្ជានីតិវិធី និងស្របតាមប្រតិទិន គ.ជ.ប ដើម្បីមានមូលដ្ឋានយកទៅអនុវត្តតាមភារកិច្ចរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមក៏បានរម្លឹកដល់អាជ្ញាធរដែនដីនិងអ្នកពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុកតំបែរទាំងអស់ត្រូវសហការគ្នារៀបចំឯកសារ បែបបទ អនុវត្តតាមប្រតិទិន (គ.ជ.ប) ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដូចជាអ្នកទើបតែផ្លាស់ប្តូរទីលំនៅ អ្នកទើបត្រឡប់ពីចំណាកស្រុក អ្នកគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អ្នកដែលកើតមុនឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ អ្នកទើបគ្រប់អាយុ ១៨ ឆ្នាំ ឱ្យបានទៅចុះឈ្មោះគ្រប់ៗគ្នាក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដោយអនុវត្តចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ តាមប្រតិទិន គ.ជ.ប ជាពិសេសការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះដែលមានរយៈពេល៥០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តមប្រធានគណៈកម្មការច្បាប់បានផ្តាំផ្ញើដល់ប្រធានគណៈកម្មាធិការគណបក្សស្រុក-ឃុំ-ប្រធានសាខាបក្សភូមិ ត្រូវយកចិត្តទុកដាក់និងជំរុញប្រជាពលរដ្ឋឱ្យអញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ព្រោះថាបើគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ មានន័យថាបងប្អូនមិនអាចចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ បានឡើយ។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនេះ ឯកឧត្តម ចាយ បូរិន បានប្រគល់ថវិកា ដែលជាអំណោយមនុស្សធម៌របស់សប្បុរសជនខ្មែររស់នៅរដ្ឋមីនីសូតាសហរដ្ឋអាមេរិក ជូនដល់ លោក នាដ្ឋ រ៉ាវុធ ប្រធានគណៈកម្មាធិកាគណបក្សស្រុក សម្រាប់ខូងអណ្តូងទឹកជូនបងប្អូនប្រជាជននៅក្នុងមូលដ្ឋានស្រុកតំបែរ។ ឯកឧត្តមតំណាងរាស្រ្ត ក៏បានអញ្ជើញពិនិត្យទីតាំងខួងអណ្តូងទឹកនៅឃុំតំបែរ-ឃុំសេដា -ឃុំត្រពាំងព្រីង -ឃុំចុងជាច- ឃុំគោកស្រុក- និងឃុំទឹកជ្រៅ៕FB_IMG_1660627422752 FB_IMG_1660627399882 FB_IMG_1660627404974 FB_IMG_1660627411317 FB_IMG_1660627415609 FB_IMG_1660627418924 FB_IMG_1660627426127 FB_IMG_1660627429940 FB_IMG_1660627434796 FB_IMG_1660627440321

You might like