នាព្រឹកថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូចំនួន ២ខ្សែ ប្រវែង ១០ ៤៨០ម៉ែត្រ” ស្ថិតនៅឃុំពោធិ៍រំចាក និងឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីក្រុមប្រឹក្សាស្រុក អភិបាលស្រុក អាជ្ញាធរជុំវិញស្រុក ក្រុមប្រឹក្សាឃុំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានភូមិទាំង១១ នៃឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស មេភូមិ ក្រុមគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឃុំពោធិ៍រំចាក រួមទាំងប្រជាពលរដ្ឋឃុំចំប៉ា។ បន្ថែមពីលើនេះឯកឧត្តមសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបានឧបត្ថម្ភថវិកាជូនបងប្អូនប្រជាពលរដ្ឋចូលរួមពិធីមកពីឃុំពោធិ៍រំចាក និងឃុំចំប៉ាចំនួន១ ៨០០នាក់ ក្នុង១ម្នាក់ៗទទួលបានថវិកាចំនួន២០ ០០០ រៀល (ពីរម៉ឺនរៀល) និងបានឧបត្ថម្ភថវិកាសម្រាប់គណៈកម្មការរៀបចំពិធីចំនួន៧ ០០០ ០០០ រៀល (ប្រាំពីរលានរៀល)ផងដែរ។

