នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ អញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធសាលាធម្មសភា និងសមិទ្ធផលនានា នៅក្នុងវត្តព្រះពុទ្ធអណ្ដែត (ហៅវត្តក្តីល្វា) ដែលស្ថិតក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ អញ្ជើញមានវត្តមាននាឱកាសនេះ ឯកឧត្តមសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សរុប ១,៤៦១នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម វុឺ សំណាង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី រួមទាំងបងប្អូនប្រជាពលរដ្ឋ និងធ្វើរបាយការណ៍នៃការកសាងព្រះពុទ្ធអណ្ដែត (ហៅវត្តក្តីល្វា) ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម បានគួរបញ្ជាក់ថា តាមរយះនយោបាយឈ្នះៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើអោយប្រទេសមានសុខសន្តិភាព។ ឯកឧត្តមបានបន្តថា « មានសន្តិភាពមានការអភិវឌ្ឍ មានការរីកចម្រើនហើយតាមរយៈសមិទ្ធិផលទាំងអស់នេះ យើងមិនអាចបំភ្លេចបាននូវតម្លៃនៃសន្តិភាពបានឡើយ»។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី មានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែងដែលបានមកចូលរួម ជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋ និងបានចូលរួមអបអរសាទរ និងអនុមោទនាជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ អ្នកឃុំត្រពាំងគងចំពោះការសម្ភោធសាលាធម្មសភា និងសមិទ្ធផលនានា នៅក្នុងវត្តព្រះពុទ្ធអណ្ដែត (ហៅវត្តក្តីល្វា) នាពេលនោះផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងារ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងតែបានយកចិត្ត ទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមរយៈការលើកគម្រោង ជួសជុល ស្តារ និងស្ថាបនាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងសមិទ្ធផលនានាជាច្រើនទាំងខាង ពុទ្ធចក្រ និងអាណាចក្រ ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺយើង។

