ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការទីលានទុកដាក់សំរាមតម្លៃជាង៤លានដុល្លារ ក្នុងខេត្តកំពង់ធំ

ឯកឧត្តម ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រក្រសួងសាធារណការ និងដឹកជញ្ជូន សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទីលានទុកដាក់សំរាម តម្លៃជាង ៤លានដុល្លាររ ជូនអាជ្ញាធរខេត្តកំពង់ធំ ដើម្បីប្រតិបត្តិការបន្ត និងលើកកម្ពស់សេវាថែរក្សាអនាម័យ ការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាប ។

ពិធីនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ គណៈអភិបាលខេត្ត អ្នកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី លោក លោកស្រី មន្ត្រីបច្ចេកទេសពាក់ព័ន្ធ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា កន្លងមក ក្រុងស្ទឹងសែន មានទីលានទុកដាក់សំណល់រឹងក្នុងទីប្រជុំជន មាន១កន្លែង ទំហំប្រមាណ ១ហិចតា ដែលអាចផ្ទុកសំរាមបានប្រមាណពី ៣០ ទៅ៣៥តោន ក្នុងមួយថ្ងៃ ។ ហើយសំរាមទាំងនេះ ប្រមូលមកតាមខ្នងផ្ទះ តាមទីផ្សារ និងទីសាធារណៈ។ ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា ទីតាំងចាក់សំរាមនេះ មិនទាន់មានលក្ខណៈសមស្របសម្រាប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៅឡើយទេ ដោយទីតាំងនេះ ស្ថិតនៅទីប្រជុំ ក្បែលកន្លែងរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់បរិស្ថាន គុណភាពខ្យល់ សុខភាពសាធារណៈ និងងាយប្រឈមនិងអគ្គីភ័៍យ។ ទីតាំងចាក់សំរាមនេះ និងឈប់ប្រើប្រាស់ បន្ទាប់ពីទីលានទុកដាក់សំរាមក្រុងស្ទឹងសែន សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា ទីលានទុកដាក់សំរាមខេត្តកំពង់ធំនាពេលនេះ គឺជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារADB ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ ៤ ៦២៩ ៣៩៩ ដុល្លារអាមេរិក ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ វិច្ឆិកា ២០២២ លើផ្ទៃដីទំហំ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា។ រណ្តៅទុកដាក់សំរាមមានទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា។ តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ម៉ែត្រ គីតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ ម៉ែត្រគូប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល២០ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣៦ ៤៧៨នាក់ នៅក្នុង ជុំវិញទីរួមខេត្តកំពង់ធំ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្ថែមទៀតថា ការដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេសបែបនេះ គឺពិតជាបានចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅ របស់បងប្អូននៅក្នុងតំបន់ ក៏ដូចជាតំបន់ជុំវិញ។ ជាពិសេស គឺកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព ការបំពុល និងការបំផ្លាញបរិស្ថាន ព្រមទាំងធ្វើឱ្យខេត្តកំពង់ធំមានភាពស្រស់បំព្រងប្រកបដោយបរិយាប័ន្នផងដែរ។

ក្នុងពិធីប្រគល់-ទទួលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយ តែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន និងបានថ្លែងអំណរក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោះ សូមកុំភ្លេចចូលរួមបោះឆ្នោតទាំងអស់គ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព និងដើម្បីបន្ត លើកកម្ពស់ ការអភិវឌ្ឍកម្រិតជីវភាព របស់បងប្អូនឱ្យកាន់តែប្រសើរឡើង និងមានភាពទំនើបជឿនលឿនជាងនេះបន្ថែមទៀត៕FB_IMG_1687859276507 FB_IMG_1687859279413 FB_IMG_1687859285654 FB_IMG_1687859287953 FB_IMG_1687859302362 FB_IMG_1687859300127 FB_IMG_1687859305926 FB_IMG_1687859316367 FB_IMG_1687859312063 FB_IMG_1687859319283 FB_IMG_1687859308975 FB_IMG_1687859328017 FB_IMG_1687859333220

You might like