ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំនិងស្រុកកំពង់សៀម

ស្នាក់ការគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាវេលាម៉ោង៨:០០ នៅព្រឹក ថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសមេដាយការពារជាតិជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនពលី។

មានប្រសាសន៍ទៅកាន់បងប្អូនជាអតីតយុទ្ធជន និងគ្រួសារជនពលីចំនួន ២០៩នាក់ នាព្រឹកនេះ ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរ បារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ជាពិសេសបងប្អូនយើងដែលជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនពលីក្នុងបុព្វហេតុជាតិយើង។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីបុព្វហេតុរំដោះជាតិ ការពារជាតិ ការពារអាយុជីវិតប្រជាជនយើង អតីតយុទ្ធជនយើងទាំងអស់បានចូលរួមជាមួយសម្តេចតេជោ ធ្វើការលះបង់គ្រប់បែបយ៉ាង និងពលីកម្មយ៉ាងធំធេងបំផុត បូជាសាច់ស្រស់ឈាមស្រស់ លូនក្រាបលើសមរភូមិទាំងថ្ងៃទាំងយប់ ក្រោមភ្លៀង ផ្គរ រន្ទះ ក្តៅរងារ ពលីជីវិត ដោយឥតរារែកនោះឡើយ។

យើងទាំងអស់គ្នាធ្លាប់បានឆ្លងកាត់នូវសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ និងភ្លើងសង្រ្គាមដែលបានធ្វើឱ្យប្រទេសយើងប្រេះបាក់បែក ប្រជាជនយើងពោរពេញទៅដោយទឹកភ្នែក ព្រាត់ប្រាសក្រុមគ្រួសារ ជីវភាពខ្វះខាត និងខ្វះស្បៀងអាហារសម្រាប់បរិភោគ ហើយបងប្អូនអតីតយុទ្ធជនយើងខ្លះបានស្លាប់ ខ្លះទៀតក៏បានរួចផុតពីក្ដីស្លាប់ តែក៏ត្រូវធ្លាក់ខ្លួនពិការភាពដល់សព្វថ្ងៃនេះ។ ដូច្នេះ ដើម្បីបញ្ចៀសសោកនាដកម្មនេះកុំឱ្យកើតមានឡើងមកវិញ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គមនេះឱ្យបានគង់វង្សដូចបច្ចុប្បន្ននេះ យើងទាំងអស់គ្នាត្រូវបន្តរួមដំណើរជាមួយសម្តេចតេជោ តាមរយៈការបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំអាក់ខានឱ្យសោះ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លាជាថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារជនពលីចំនួន ២០៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ស្មើៗគ្នា។FB_IMG_1688093177077 FB_IMG_1688093174667 FB_IMG_1688093215528 FB_IMG_1688093269509 FB_IMG_1688093240224 FB_IMG_1688093245706 FB_IMG_1688093275596 FB_IMG_1688093278564

You might like