ថ្នាក់ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង​ និងមន្ទីរ​ ចុះពិនិត្យមេីលជាក់ស្តែងនូវស្ថានភាពទឹក​ នៅតាមចំណុចសំខាន់ៗចំនួន​០២​ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​

ថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ សីហា ឆ្នាំ២០២៣ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ដោយមានការចូលរួមពី លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តកំពង់ស្ពឺ និងនាយកដ្ឋានសហគមន៍កសិករប្រេីប្រាស់ទឹក​​​ នាយកដ្ឋានធារាសាស្ត្រ​ សហការជាមួយលោក​ ញ៉ាញ់​ ជាបហ៊ង​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកំពង់ស្ពឺ​ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង​ និងមន្ទីរ​ ចុះពិនិត្យមេីលជាក់ស្តែងនូវស្ថានភាពទឹក​ នៅតាមចំណុចសំខាន់ៗចំនួន​ ០២​ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​ រួមមាន ៖

១-ទំនប់អាងទឹក​ តាសាល​ ស្ថិតក្នុង​ឃុំតាសាល​ ស្រុកឱរ៉ាល់​​ ស្ថិតនៅផ្នែកខាងលើស្ទឹងព្រែកត្នោត ទំនប់អាងទឹកនេះ​ មានប្រវែងសរុប​ ៧២០ម៉ែត្រ​ និងអាចស្តុកទឹកបាន ១៤០លានម៉ែត្រគូប​ ជួយកាត់បន្ថយទឹកជំនន់នៅរដូវវស្សា និងជួយផ្គត់ផ្គង់តម្រូវការប្រើប្រាស់បំពេញបន្ថែមផ្នែកខាងក្រោមនៅរដូវប្រាំង
២-ទីតាំងប្រព័ន្ធធារាសាស្ត្រអូរកូនត្រុំ​ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

តាមការពិនិត្យជារួម​ ស្ថានភាពទឹកមានការហក់ឡើងបន្តិចបន្តួចលើសពីកម្រិតប្រក្រតីធម្មតា ដោយសារមានភ្លៀងធ្លាក់ក្នុងផ្នែកខ្លះនៃផ្ទៃរងទឹកភ្លៀងរបស់អាងស្ទឹង នារយ:ពេលកន្លងមក។

ជាមួយគ្នាផងដែរ​ ឯកឧត្តមអគ្គនាយក​ និងក្រុមការងារ​ក្រសួង បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម ខេត្ត ព្រមទាំងឆ្មាំ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើការគ្រប់គ្រងទំនប់អាងទឹកតាសាល​ ការចែករំលែក និងផ្តល់ព័ត៌មានអំពីកម្ពស់ទឹក ធារទឹក និងបរិមាណណទឹកភ្លៀងរវាងផ្នែកខាងលើ និងផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោតទាំងមូល ដើម្បីអាចជួយបញ្ចៀស និងកាត់បន្ថយហានិភ័យដោយទឹកជំនន់ដល់រាជធានីភ្នំពេញ និងមួយផ្នែកនៃខេត្តកណ្តាលដែលនឹងអាចកើតមានឡើងនាចុងរដូវវស្សាឆ្នាំនេះផងដែរ ៕FB_IMG_1691589204667 FB_IMG_1691589185579 FB_IMG_1691589178892 FB_IMG_1691589298078

You might like