នាព្រឹកថ្ងៃអង្គារ៍ទី១៥ ខែសីហាឆ្នាំ២០២៣
នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បាននាំយកអំណោយ អង្ករ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយះក្រសួងកសិកម្ម ផ្ដល់ជូនពលរដ្ឋ រងគ្រោះធម្មជាតិ និងរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ជាពិសេសពលរដ្ឋក្រីក្រខ្វះខាត ចំនួន ១៥០គ្រួសារ មកពីសង្កាត់ទាំងបី នៃក្រុងដូនកែវ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៣០គីឡូក្រាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោក ឈុន ស្រ៊ ប្រធានក្រុមប្រឹក្សាក្រុង លោក កង អាណាន់ អភិបាលក្រុងដូនកែវ ព្រមទាំង លោក លោកស្រី អភិបាលរងក្រុង មន្រ្តីរាជការចំណុះរដ្ឋបាលក្រុង និងបងប្អូនប្រជាពលរដ្ឋផងដែរ។
សូមជម្រាបជូនដែរថា សម្រាប់ខេត្តតាកែវ គឺទទួលបានអង្ករសរុបចំនួន ៧៥០០០គីឡូក្រាម សម្រាប់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជាពិសេសពលរដ្ឋក្រីក្រខ្វះខាត ចំនួន ២៥០០គ្រួសារ នៅតាមបណ្ដាក្រុង ស្រុក ចំនួន ១០ ក្នុងខេត្តតាកែវ ៕
