ឯកឧត្តម រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃ នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ

នារសៀលថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ និង នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្តើមឯកឧត្តម បាន សុម៉ារ៉ា ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ និង លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី ស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ នៃឆ្នាំ២០២៣ របស់នាយកដ្ឋាន។ យោងតាមរបាយការណ៍ ឯកឧត្ដមរដ្ឋមន្រ្ដីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនាយកដ្ឋាន ជាពិសេសសមិទ្ធផលនានា ដែលនាយកដ្ឋានទាំងពីរសម្រេចបាននាពេលកន្លងមក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដីបានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទនាយកដ្ឋានដូចខាងក្រោម៖

– ផ្អែកលើសមិទ្ធផលមានស្រាប់ ត្រូវបន្តខិតខំបំញេការងារបន្ថែមទៀតដើម្បីបង្កើនសមិទ្ធផលថ្មី
-នាយកដ្ឋានទាំង២ ត្រូវត្រៀម រៀបចំបូកសរុបរបាយការណ៍ ប្រចាំឆ្នាំ ដើម្បីប្រារព្ធធ្វើសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣។
– ត្រូវខិតខំជំរុញបញ្ចប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ និងបទដ្ឋានគតិយុត្តចាំបាច់នានាដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែរីកចម្រើន ស្របតាមចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០
– ថ្នាក់ដឹកនាំត្រូវមានព្រហ្មវិហារធម៌ និងមានយុត្តិធម៌ ក្នុងការដឹកនាំ និងការបែងចែកភារកិច្ចជូនមន្ត្រីឱ្យបានគ្រប់គ្នា
– មន្ត្រីគ្រប់ជាន់ថ្នាក់តាមនាយកដ្ឋាន ត្រូវគោរពវិន័យ គោរពការចាត់តាំង គោរពក្រមសីលធម៌ គោរពវិន័យរបបប្រជុំ (ប្រជុំប្រចាំខែ ប្រចាំត្រីមាស) និងប្រឹងប្រែង បំពេញភារកិច្ចរបស់ឱ្យកាន់តែប្រសើរ។
– នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុត្រូវខិតខំជំរុញការផ្ដល់សម្ភារជូននាយកដ្ឋាននានាឱ្យបានទាន់ពេលវេលា។
– ត្រូវយកចិត្តទុកដាក់ចំពោះស្រ្ដី ជាពិសេសស្ដ្រីមានផ្ទៃពោះ មន្ត្រីរាជការមានជំងឺ និងនិវត្តន៍ជន
– ឯកឧត្តមរដ្ឋមន្រ្តីបានផ្ដួចផ្ដើមគំនិតក្នុងការបង្កើត “សមាគមន៍មន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ” ក្នុងគោលបំណងរក្សាចំណងសាមគ្គីភាព និងមិត្តភាព៕FB_IMG_1693309500935 FB_IMG_1693309506864 FB_IMG_1693309509344 FB_IMG_1693309529469 FB_IMG_1693309514753

You might like