ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អនុញ្ញាតឱ្យអគ្គស្នងការរងនគរភូមិន្ទថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុញ្ញាតឱ្យ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរភូមិន្ទថៃ ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងគោរពជូនពរ អបអរសាទរ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នាឱកាសដែល ឯកឧត្ដម នាយឧត្តមសេនីយ៍ ត្រូវបានប្រកាសតែងតាំងជា អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរភូមិន្ទថៃ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលភូមិន្ទថៃ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងសូមជូនពរ ឯកឧត្តមសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ប្រគល់ជូន។

ក្នុងឱកាសចូលជួបសម្តែងការគួរសម ក៏ដូចជាអបអរសាទនោះដែរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn បានបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឱ្យមានភាពរឹងម៉ាំជិតស្និទ្ធបន្ថែមទៀត សំដៅសម្រេចឱ្យបាននូវលទ្ធផលធំៗក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរភូមិន្ទថៃ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដោយបាននាំមកនូវការជូនពរ អបអរសាទរ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃេីញនូវស្មារតីគោរពស្រឡាញ់រាប់អានគ្នាយ៉ាងជិតស្និទ្ធក្នុងនាមកងកម្លាំងនគរបាលអាស៊ាន។

ក្នុងជំនួបនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ៕FB_IMG_1693832428635 FB_IMG_1693832441259 FB_IMG_1693832438958 FB_IMG_1693832449067 FB_IMG_1693832444486 FB_IMG_1693832533888 FB_IMG_1693832458341 FB_IMG_1693832470416 FB_IMG_1693832489748 FB_IMG_1693832508615

You might like