បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងនគរបាលទូទាំងខេត្តប្រារព្ធពិធីទូងស្គរអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
យើងខ្ញុំជាកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមគោរពដឹងគុណ ចំពោះសមិទ្ធផលទាំងនេះ ដែលបានកើតចេញពីការចូលរួម និងទឹកចិត្តស្រឡាញ់យ៉ាងមោះមុតរបស់ប្រជាជនកម្ពុជា ដោយទទួលបានអបអរសាទរ គ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ច ជាកាលតែងតែផ្ដល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌដែលជាដួងព្រលឹង និង អត្តសញ្ញាណជាតិ។
សូមបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា៕

