ព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ បានទទួលជួបស្វាគមន៍ សំណេះសំណាលការងារ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជួយ សង្រ្គោះជនរងគ្រោះ តាមខេត្តជាប់ព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម ជាមួយប្រតិភូនៃ ស្នងការនគរ បាលវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី គៀង រីន ស្នងការរងនគរបាល និងជា ប្រធានគណៈប្រតិភូ។ ក្នុងជំនួបនោះផងដែរក៏មានការអញ្ជើញចូលរួម មានលោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ទទួលបន្ទុកការងារលេខាធិការដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ទេសន្តរប្រវេសន៍ ប្រធានលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ខាងប្រតិភូវៀតណាម មានស្នងការរង ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃស្នងការដ្ឋាន នគរបាល និងសមាជិកប្រតិភូអមដំណើរមួយចំនួនផងដែរ ៕

