ភ្នំពេញ៖ នៅទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីប្រកាស ដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨នៅសណ្ឋាគារសុខាភ្នំពេញ។
«សេដ្ឋកិច្ចក្រៅប្រព័ន្ធ»មានន័យថាប្រព័ន្ធនៃការធ្វើពាណិជ្ជកម្មឬការដោះដូរទំនិញនិងសេវាដែលច្បាប់មិនតម្រូវឱ្យចុះបញ្ចី ។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើនិងប្រាក់ចំណូលប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថានសុវត្ថិភាពចំណីអាហារ និងការប្រមូលពន្ធជាដើម។
«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨»ត្រូវបានដាក់ចេញជាមួយចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និង មានលទ្ធភាពឈានចូលក្នុងប្រព័ន្ធហើយក្លាយទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជននិងអាចរួមចំណែកជាអតិបរមាក្នុងការ ឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពបរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។
យុទ្ធសាស្ត្រជាតិនេះមានគោលបំណងលើកកម្ពស់ការគាំពារនិងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និង ពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ភាពប៉ាន់ប្រមាណបាននិងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជ កម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។
យុទ្ធសាស្ត្រជាតិនេះដាក់ចេញគោលដៅសំខាន់ៗចំនួន៤ដូចខាងក្រោម៖
ទី១៖ បង្កលក្ខណៈងាយស្រួលដល់ការឈានចូលក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬនិយាយម្យ៉ាងទៀត ឈានចូលក្នុងប្រព័ន្ធអភិវឌ្ឍន៍អន្តរកាលមួយ (Into the System)មុននឹងអាចចូលរួមបានពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ទី២៖ ផ្តល់ប្រយោជន៍ដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ដើម្បីធានាថា មិនធ្លាក់ចូលទៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ ទោះបីក្នុងករណីមិនអាចចូលរួម ពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធក៏ដោយ។
ទី៣៖ថែបំប៉នអ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ឱ្យរីកធំធាត់ ដើម្បីអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ទី៤៖លើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់គ្រប់តួអង្គពាក់ព័ន្ធ ៕

