នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដោយដឹកនាំកម្លាំងដោយ លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានបន្តការសហការ ជាមួយអាជ្ញាធរស្រុកជេីងព្រៃ កម្លាំងប៉ុស្តិ៍ និងដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបន្តចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួនពីរករណី។
លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ជាលទ្ធផលក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ច បានធ្វេីការរុះរើនិងកាត់បំផ្លាញ់ចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងដោយក្នុងនោះ មានការបង្ក្រាបនៅក្នុងភូមិសាស្ត្របឹងជ្រោយ ស្ថិតឃុំសូទិព្វ ស្រុកជេីងព្រៃ រួមមានឧបករណ៍លូស្បៃមុងចំនួន២០មាត់ធំៗ,របាំងស្បៃមុងចំនួន៤កន្លែងសរុបប្រវែង១០០០ម៉ែត្រ, បង្គោលចម្រឹងចំនួន៣០០ដេីម និងធ្វេីការប្រលែងកូនត្រីចម្រុះ៥៧គីឡូក្រាម៕

