ឯកឧត្តមរដ្ឋមន្ត្រីឌិត ទីណាទទួលជួបពិភាក្សាការងារជាមួយលោកច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ..

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយលោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់បានទទួលស្តាប់បទបង្ហាញ និងសំណើសិក្សាស្រាវជ្រាវលើការងារកសិកម្មរបស់ CPS ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍លើការស្នើប្រធានបទរបស់CPS ដើម្បីសុំឱ្យមានកិច្ចសហការពីក្រសួង ជាពិសេសលើការងារស្រាវជ្រាវខាងផ្នែកសេដ្ឋកិច្ច។

ទាក់ទងនឹងការងារស្រាវជ្រាវនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យធ្វើការសិក្សាដំបូង ពីប្រសិទ្ធភាពសេដ្ឋកិច្ចនៃការធ្វើផលិតកម្មនៃសហគមន៍កសិកម្មតាមគម្រូថ្មី នៅកោះខ្សាច់ទន្លា និងនៅខេត្តមួយចំនួនទៀត ដើម្បីជាមូលដ្ឋានសម្រាប់វាស់វែងភាពជោគជ័យ មុននឹងពង្រីកបន្តនៅក្នុងវិសាលភាពធំ។ ក្រៅពីនេះ ជាយន្តការរួម CPS អាចសហការជាមួយនាយកដ្ឋានផែនការក្នុងការប្រមូលទិន្នន័យស្ថិតិពាក់ព័ន្ធ ការកំណត់នូវនិយមន័យ និងវិសាលភាព ព្រមទាំងសហការល្អជាមួយថ្នាក់ដឹកនាំតាមជំនាញ ដើម្បីធ្វើការងារទាំងនេះឱ្យបានល្អបំផុត។

សូមជម្រាបជូនថា CPS បានស្នើធ្វើការសិក្សាលើប្រធានបទចំនួន ៥គឺ ៤Ps, ហិរញ្ញប្បទានខ្សែច្រវាក់តម្លៃ, លើកកម្ពស់បច្ចេកវិទ្យានិងការអនុវត្តទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ, ស្វែងយល់ពីប្រទេសជិតខាងអំពីថ្លៃនៃការកែច្នៃផលិតផល, និងការចូលរួមរបស់វិស័យកសិកម្មក្នុង GDP៕FB_IMG_1697019120458 FB_IMG_1697019206771 FB_IMG_1697019162240 FB_IMG_1697019177488 FB_IMG_1697019180088 FB_IMG_1697019185427 FB_IMG_1697019188389 FB_IMG_1697019126006 FB_IMG_1697019129217

You might like