ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Maura Vieira រដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល

នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Maura Vieira រដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបដំបូងនេះ ឯកឧត្តម Maura Vieira បានលើកឡើងពីគម្រោងបើកស្ថានឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជានៅដើមឆ្នាំ២០២៤ និងចេតនាបង្កើនទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើការវិនិយោគ និងការធ្វើពាណិជ្ជកម្ម។ ឯកឧត្តមក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ប្រេសុីលគ្រោងនឹងរៀបចំឱ្យមានទស្សនៈកិច្ចផ្លូវការមួយទៀត ពីសំណាក់រដ្ឋមន្ត្រីកសិកម្មប្រេសុីលមកកាន់កម្ពុជានៅក្នុងឆ្នាំ២០២៤។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ចំពោះការវិវត្តថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រេសុីល និងបានឱ្យក្រុមការងារត្រៀមសម្របសម្រួល ដើម្បីទទួលទស្សនកិច្ចពីសំណាក់រដ្ឋមន្ត្រីកសិកម្មប្រេសុីលនៅក្នុងពេលវេលាសមស្របណាមួយ។ ជាមួយគ្នាដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា ដូចជាស្រូវដែលមានអតិរេកប្រមាណ ៦លានតោនក្នុងមួយឆ្នាំ សម្រាប់ការកែច្នៃនាំចេញ ព្រមទាំងដំណាំសក្តានុពលផ្សេងទៀត ជាអាទិ៍៖ ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។ លើសពីនេះទៀត កម្ពុជាជាសមាជិកអាស៊ានដែលមានទីផ្សារធំទូលាយ ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីផ្សារប្រទេសចិន ដែលនេះជាឱកាសសម្រាប់ការវិនិយោគលើការកែច្នៃនាំចេញ (Downstream)។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏មានច្បាប់វិនិយោគដ៏គួរឱ្យទាក់ទាញ សម្រាប់ការវិនិយោគពីខាងក្រៅប្រទេសផងដែរ។

ភាគីទាំងពីរបានសាទរចំពោះការចាប់ផ្តើមនេះ និងបន្តយន្តការកិច្ចសហប្រតិបត្តិការ សិក្សាពីគ្នាទៅវិញទៅមកពីឱកាសវិនិយោគ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ជាពិសេសការធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពបរិស្ថាន៕FB_IMG_1697078747648 FB_IMG_1697078750332 FB_IMG_1697078756886 FB_IMG_1697078761274 FB_IMG_1697078770986 FB_IMG_1697078777121 FB_IMG_1697078765900

You might like