ឯកឧត្តម វង សូត ផ្តល់អនុសាសន៍ឱ្យយុវជនយើងត្រូវបន្តខិតខំសិស្សារៀនសូត្រ អភិវឌ្ឍន៍សមត្ថភាព និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព

នៅព្រឹកថ្ងៃពុធ ១០ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា
បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងតំណាងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងធ្វើសវនាការ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានសម្តែងនូវមោទនភាពចំពោះក្មួយៗ ដែលជាប្រតិភូតំណាងកម្ពុជា ដែលនឹងចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ក្រោយពីបានឆ្លងការប្រលងជម្រុះជាច្រើនតំណាក់កាលក្នុងចំណោមបេក្ខជនប្រមាណជាង៦០០នាក់ ដែលបានឆ្លុះបញ្ចាំងអំពីសមត្ថភាពពិតប្រាកដរបស់ក្មួយៗ។

ឯកឧត្តម បានគូសបញ្ជាក់ថា ក្មួយៗក៏ដូចជាយុវជនគ្រប់រូបក្នុងសម័យកាលនេះ ពិតជាមានភ័ព្វសំណាងខ្លាំងណាស់ ដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ សាលារៀន​ និងសម្ភារៈទំនើបៗក្នុងការសិក្សាស្រាវជ្រាវ ជាពិសេសគឺមានថ្នាក់ដឹកនាំដែលតែងតែគិតគូរពីធនធានមនុស្ស និងអនាគតរបស់យុវជន។

កន្លងមករហូតដល់បច្ចុប្បន្ន រដ្ឋសភា​របស់យើងក៏មានតំណាងរាស្រ្តវ័យក្មេងផងដែរ ដែលត្រូវបានប្រជាពលរដ្ឋយើងមានការជឿជាក់ចំពោះសមត្ថភាពជាអ្នកដឹកនាំវ័យក្មេង ដើម្បីចូលរួម​ចំណែកក្នុងការដឹកនាំនាវាកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍកាន់តែជឿនលឿនបន្ថែមទៀត។

ឯកឧត្តម បានផ្តាំផ្ញើដល់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលជាអ្នកការទូតតំណាងឱ្យកម្ពុជា ស្មើមុខស្មើមាត់ជាមួយប្រទេសដទៃ ត្រូវមានភាពស្អិតរមួត ក្នុងការធ្វើសហប្រតិបត្តិការអន្តរជាតិ កសាងមិត្តភាព និងរៀនសូត្របទពិសោធន៍ថ្មីៗពីគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។

គួរបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកទី៤៧នេះ នឹងរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣៕FB_IMG_1699434902973 FB_IMG_1699434908347 FB_IMG_1699434911546 FB_IMG_1699434981257 FB_IMG_1699434955759 FB_IMG_1699434975043 FB_IMG_1699434966785 FB_IMG_1699434921755 FB_IMG_1699434934329

You might like