នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តម ម៉ានូ គូទូមូស ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគី និងជាប្រធាន APA ខណៈពេលឯកឧត្តម ដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នៅប្រទេសតួកគី។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរចំពោះរដ្ឋសភានៃសាធារណរដ្ឋតួកគី ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះមហាសន្និតបាត APA និងកិច្ចប្រជុំនានា ដូចជាកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នាពេលនេះ ប្រកបដោយភាពជោគជ័យ ទទួលបានការគាំទ្រជាច្រើនពីសភាសមាជិក APA។
ក្នុងនាមរដ្ឋសភាកម្ពុជា និងប្រជាជនកម្ពុជាទូទាំងប្រទេស ឯកឧត្តម បានអបអរសាទរដោយភាពសប្បាយរីករាយបំផុតជាមួយប្រជាជន រដ្ឋាភិបាល ក៏ដូចជារដ្ឋសភាតួកគី ក្នុងឱកាលនៃខួបលើកទី១០០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋតួកគី។ ប្រទេសទាំងពីរ កម្ពុជា-តួកគី បានផ្សារភ្ជាប់ទំនាក់ទំនាក់ជាមួយគ្នាជាយូរមកហើយ ពោលគឺតាំងពីឆ្នាំ១៩៥៨ មកម្លេះ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានការរីកចម្រើនគួរកត់សម្គាល់។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានអរគុណចំពោះរដ្ឋាភិបាលតួកគី ដែលតែងតែឧបត្ថម្ភគាំទ្រដល់កម្ពុជា និងការផ្តល់ជំនួយអភិវឌ្ឍក្នុងវិស័យជាច្រើនតាមរយៈភ្នាក់ងារសម្របសម្រួលទីកា (TIKA)។
ឯកឧត្តម នូម៉ាន គូទូមូស បានអរគុណឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នាពេល ដែលពិតជាផ្តល់កិត្តិយសយ៉ាងធំធេងចំពោះរដ្ឋសភាតួកគីជាម្ចាស់ផ្ទះ។ ឯកឧត្តម មានប្រសាសន៍ថាប្រទេសទាំងពីរ កម្ពុជា-តួកគី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា រហូតបានបង្កើតស្ថានទូតប្រចាំប្រទេសរៀងៗខ្លួន។
ឯកឧត្តម បានសំណូមពរឱ្យ សភានៃប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈក្រុមមិត្តភាពសភាប្រទេសទាំងពីរ ការដាក់ចេញផែនការសកម្មភាពច្បាស់លាស់ថែមទៀត និងការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិការអន្តរសភានានាជាដើម។

