នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅអគារសាលាខេត្ត ព្រះវិហារជាន់ទី៣ មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្ត អភិបាលនៃគណៈអភិបាល និងប្រធានក្រុមប្រឹក្សា ក្រុង/ស្រុកទាំង៨ ព្រមទាំងថ្នាក់ ដឹកនាំ រដ្ឋបាលសាលាខេត្តជាច្រើនរូបទៀត។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានអោយដឹងថា កិច្ចប្រជុំនៅ ថ្ងៃនេះ ធ្វើឡើងដើម្បីពិនិត្យ និងអនុម័តទៅលើរបៀបវារៈមួយចំនួនដូចជា ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ កាលពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះវិហារ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣, ពិនិត្យ និង អនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (ឆ្នាំ២០២៤-២០២៦) ខេត្តព្រះវិហារ ពិនិត្យ និងអនុម័តសេចក្តីព្រាងស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (ឆ្នាំ២០២៥-២០២៧) របស់រដ្ឋបាលខេត្តព្រះវិហារ ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនការងារ សម្រាប់ ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (ឆ្នាំ២០២៥-២០២៧) របស់រដ្ឋបាលខេត្ត ព្រះវិហារ ព្រមទាំងជម្រាបជូនអំពីបញ្ហាផ្សេងៗ មួយចំនួនដូចជា ចូលឆ្នាំសកល ថ្ងៃទី ០១ ឆ្នាំ២០២៤ និងខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ ២០២៤ជាដើម។
លើកឡើងនៅក្នុងអង្គប្រជុំនាឱកាសនោះផងដែរ ឯកឧត្តម គីម រិទ្ធី ក៏បានជម្រាបជូនអំពី លទ្ធផលការងារ ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៣ ដែលរដ្ឋបាលខេត្តបានខិតខំប្រឹងប្រែង និង សម្រេចបាន ដែលក្នុងនោះរួមមាន ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារបង្រ្កាប បទល្មើស ការងារកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការងារសុខាភិបាល ព្រមទាំងវិស័យផ្សេងៗ ជាច្រើនទៀត។
