រសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកលក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា រវាងការិយាល័យគ្រប់គ្រង និងទទួលជំនួយបន្ត នៃក្រសួងសុខាភិបាល (MOH-LIT) ជាមួយអង្គភាពប្រតិបត្តិករ (SIs) ក្រោមឱវាទក្រសួងសុខាភិបាល ដែលត្រូវអនុវត្តគម្រោងកម្មវិធី HIV/TB មានរយៈពេល៣ឆ្នាំ (២០២៤-២០២៦) និងគម្រោងកម្មវិធីយន្តការឆ្លើយតបនិងជំងឺកូវីដ-១៩ (C19RM) ដែលមានរយៈពេល២ឆ្នាំ (២០២៤-២០២៥) ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់មូលនិធិសកល ជុំទី៧ (Grant Cycle 7) នៅទីស្តីការក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល ទទួលបានការគាំទ្រសម្រាប់ការអនុវត្តគម្រោងពីមូលនិធិសកល ដើម្បីឈានទៅលុបបំបាត់ជំងឺឆ្លងដូចជា អេដស៍ របេង និងគ្រុនចាញ់ ដែលមកដល់ពេលនេះគឺជាគម្រោងជុំទី៧ (GC7) កម្មវិធីនេះនឹងត្រូវអនុវត្តដោយអង្គភាពប្រតិបត្តករចំនួន៤ ស្ថិតនៅក្រោមឱវាទក្រសួងសុខាភិបាល មានដូចជា នាយកដ្ឋានមន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដោយឡែកគម្រោងកម្មវិធីយន្តការឆ្លើយតបនិងជំងឺកូវីដ-១៩ នឹងត្រូវអនុវត្តដោយអង្គភាពប្រតិបត្តិករចំនួន៣ មានដូចជា នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងបានលើកទឹកចិត្តដល់ក្រុមការងារអនុវត្តគម្រោងទាំង២នេះ ខិតខំបំពេញភារកិច្ចបន្តឱ្យកាន់តែល្អបន្ថែមទៀត រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាន នូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
