សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុនី ហ៊ុនម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ..

នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។

ដំណើរបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។ អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តម ឧបនាយក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោ​ភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋ​មន្ត្រី​​រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេច​ធិបតី និងលោកជំទាវបណ្ឌិត នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះបាទ មហា វ៉ជីរ៉ាឡុងកន ព្រះវឺជីរ៉ាក់ក្លៅ​ចៅ​យូហួរ ព្រះមហាក្សត្រថៃ នៅព្រះបរមរាជវាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិរួមមាន ឯកឧត្តមសាស្ត្រាចារ្យ ផនភេត វិឈិតឆុល ឆៃ ប្រធានព្រឹទ្ធសភា និងលោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។

សម្រាប់ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងពិភាក្សាការងារលើកិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី និងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី​ទាំង​​​ពីរ ក៏នឹង​ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសថៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថា​បើកវេទិកាធុរកិច្ចកម្ពុជា-ថៃ ផងដែរ។

ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់ប្រទេស​ថៃ នាពេលនេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​​ដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាង​ប្រទេស​​ទាំងពីរស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្ដល់ផល​ប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និង​វិបុល​ភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕FB_IMG_1707269600666 FB_IMG_1707269606874 FB_IMG_1707269632376 FB_IMG_1707269650389 FB_IMG_1707269628832 FB_IMG_1707269638010

You might like